(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីលោក ម៉ាហាធៀរ ម៉ូហាម៉ាត់ (Mahathir Mohamad) នាថ្ងៃអាទិត្យនេះ បាននិយាយថា មានតែប្រជាជនម៉ាឡេស៊ីខ្លួនឯងផ្ទាល់ប៉ុណ្ណោះ ដែលអាចស្រោចស្រង់សេចក្តីថ្លៃថ្នូររបស់ពួកគេបាន ដូច្នេះហើយត្រូវតែឈប់រំពឹងអ្នកឲ្យជួយពួកគេធ្វើយ៉ាងដូច្នោះទៀតទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងព្រឹត្តិការណ៍សមាជថ្នាក់ជាតិមួយស្តីពីសេចក្តីថ្លៃថ្នូររបស់ម៉ាឡេស៊ី លោក Mahathir បានលើកឡើងដូច្នេះថា «ចូរកុំស្នើ កុំរំពឹងអ្នកដទៃឲ្យធ្វើអ្វីម៉្យាង ដើម្បីស្តារសេចក្តីថ្លៃថ្នូររបស់យើង។ ពួកយើងដែលជាជនជាតិម៉ាឡេស៊ីផ្ទាល់ គឺជាអ្នកដែលត្រូវស្តារ​សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិម៉ាឡេស៊ីដោយខ្លួនឯង»

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្តទៀតថា ការស្តារសេចក្តីថ្លៃថ្នូររបស់ម៉ាឡេស៊ី គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់​យើង។ ប្រសិនបើ យើងមានសមត្ថភាពមើលការខុសត្រូវប្រទេសយើងបានល្អ ហើយប្រើប្រាស់គ្រប់ឱកាសដែលមាននោះ រួចធ្វើខ្លួនឲ្យបានប្រសើរ និងផលិតទំនិញមានគុណភាព នឹងពុំមាននរណាម្នាក់អាចមកឆក់យកសេចក្តីថ្លៃថ្នូរពីដៃពួកយើងបានឡើយ។

គួរជម្រាបថា ព្រឹត្តិការណ៍សមាជខាងលើ បានប្រព្រឹត្តទៅនាវេលាព្រឹកថ្ងៃអាទិត្យនេះ នៅទីក្រុង Shah Alam នៃរដ្ឋ Selangor ​​​​ក្រោមការចូលរួមពីមនុស្សរាប់ពាន់នាក់ មានទាំងថ្នាក់ដឹកនាំក៏ដូចជាតំណាងគណបក្សនយោបាយ ព្រមទាំងសាស្រ្តាចារ្យ និស្សិត និងអង្គការក្រៅរដ្ឋាភិបាល៕