(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាថ្ងៃអាទិត្យនេះ បាន​ផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមក ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតចំណងមិត្តភាពក៏ដូចជាការទូតរវាងប្រទេសទាំងពីរ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។

ក្នុងសារអបអររបស់លោក លោកប្រធានាធិបតីចិន បាននិយាយថា ចំណងមិត្តភាពចិន-កូរ៉េខាងជើង បានពុះពារឆ្លងឧបសគ្គនិង​ស្ថានការណ៍អន្តរជាតិរាប់មិនអស់ ក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ ហើយនៅតែមានភាពរឹងមាំដដែល។ លោក ស៊ី បានរំលេចថា ការដោះដូរបទពិសោធន៍និងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យរវាងចិននិងកូរ៉េខាងជើង បានដើរតួនាទីយ៉ាងសំខាន់និង​ប្រកប​ដោយភាពវិជ្ជមាន ក្នុងការរក្សាសុខសន្តិភាពក៏ដូចជាស្ថិរភាពក្នុងតំបន់។

សម្រាប់សាររបស់លោក គីម វិញ លោកបានលើកឡើងថា ទំនាក់ទំនងកូរ៉េខាងជើង-ចិន បានឈានដល់ដំណាក់កាលពីដ៏សំខាន់​បំផុត។ លោកបានសង្កត់ធ្ងន់ថា វាគឺជាគោលនយោបាយចម្បងឥតងាករេរបស់គណបក្សក៏ដូចជារដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការ​នាំយកចំណងមិត្តភាពកូរ៉េខាងជើង-ចិន ឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ ហើយសម្រេចឲ្យបាននូវការធ្វើឲ្យប្រសើរឡើង​កាន់តែខ្លាំងនៃចំណងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំមុនមក លោក ស៊ី ជិនពីង និង លោក គីម ជុងអ៊ុន ធ្លាប់បានជួបគ្នា៥លើក ហើយមេដឹកនាំទាំងពីរ​សម្រេចបានការព្រមព្រៀងគ្នាជាច្រើន៕