(ហុងកុង)៖ នាថ្ងៃសៅរ៍សប្តាហ៍នេះ ទីក្រុងប៉េកាំងបានព្រមានថា ចលនាបាតុកម្មនៅហុងកុង កំពុងតែវិវត្តន៍ខ្លួនក្លាយទៅជាចលនា​បដិវត្តន៍ពណ៌ ហើយបានសម្តែងការគាំទ្រដល់ចំពោះការអនុវត្តច្បាប់ ប្រឆាំងការពាក់របាំងមុខឬម៉ាស់បិទមុខរបស់អភិបាលក្រុង​ហុងកុង លោកស្រី Carrie Lam។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។

ការិយាល័យកិច្ចការហុងកុងរបស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍លើកឡើងដូច្នេះថា «ហុងកុងបានឈានដល់ដំណាក់​កាលដ៏សំខាន់ដើម្បីបញ្ចប់ស្ថានការណ៍វឹកវរ តាមរយៈការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពជាងមុន ព្រោះស្ថានភាព​បច្ចុប្បន្ននេះនៅក្នុងទីក្រុងហុងកុង មិនអាចបន្តទៅមុខរហូតដោយគ្មានទីបញ្ចប់ឡើយ ខណៈវាកំពុងតែប្រែក្លាយខ្លួនទៅរកបដិវត្តន៍​ពណ៌»

គួរជម្រាបថា ជនដែលល្មើសច្បាប់ខាងលើ អាចជាប់ពន្ធនាគាររហូតដល់១ឆ្នាំ និងរងការពិន័យជាប្រាក់៣,១៩០ដុល្លារអាមេរិក។ ដោយឡែក ​ការអនុវត្តច្បាប់នេះ បានជំរុញឲ្យក្រុមបាតុករហុងកុងកាន់តែមិនពេញចិត្ត និងធ្វើសកម្មភាពតវ៉ា​កាន់តែខ្លាំងថែមទៀត​។ យ៉ាងណាមិញ លោកស្រី Lam បានបញ្ជាក់ថា សិទ្ធិសេរីភាពគឺមិនអាចគ្មានដែនកំណត់នោះឡើយ។ លោកស្រីក៏ទទួលស្គាល់​​ដែរ​ថា វាគឺជាការសម្រេចចិត្តដ៏ពិបាកមួយ តែចាំបាច់ដើម្បីសំដៅបញ្ចប់បញ្ហាដ៏តានតឹងសព្វថ្ងៃនៅហុងកុង។ លើសពីនេះទៀត លោកស្រី Lam បានបង្ហើបប្រាប់ថា លោកស្រីកំពុងត្រៀមផែនការពិសេសបំផុតមួយ ដើម្បីបញ្ចប់បញ្ហាទាំងស្រុងតែម្តង៕