(ស៊ីដនី)៖ គូស្នេហ៍ជាពលរដ្ឋអូស្ត្រាលីពីរនាក់ ដែលត្រូវបានចាប់ និងឃុំខ្លួនរយៈពេលជាង ៣ខែនៅក្នុងប្រទេសអ៊ីរ៉ង់ ពីបទសង្ស័យធ្វើចារកម្ម ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់កិច្ចចរចាអស់រយៈជាច្រើនសប្ដាហ៍មកនេះ រវាងរដ្ឋាបាលនៃប្រទេសទាំងពីរ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងស៊ីដនីនៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីកិច្ចចរចាដ៏សំខាន់ជាមួយទីក្រុងតេហេរ៉ង់ គូស្នេហ៍ទាំងពីរនាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ដោយមានស្មារតី និងសុខភាពល្អ ហើយពួកគេកំពុងធ្វើដំណើរត្រឡប់មកកាន់ប្រទេសអូស្រ្តាលី ដើម្បីជួបជុំគ្រួសារ»

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ អាជ្ញាធរអ៊ីរ៉ង់បានអះអាងថា ពលរដ្ឋអូស្ត្រាលីពីរនាក់មានឈ្មោះ ចូលី ឃីង (Jolie King) និង ម៉ាក ហ្វឺឃីន (Mark Firkin) ត្រូវបានចាប់ខ្លួនពីបទចារកម្ម ដោយពួកគេបានបង្ហោះដ្រូនថតរូបទីតាំងយោធា និងតំបន់ហាមឃាត់៕