(អេក្វាឌ័រ)៖ រដ្ឋមន្ត្រីការពារជាតិអេក្វាឌ័រលោក អូស្វាលដូ ហ្សារីន (Oswaldo Jarrin) បានឱ្យដឹងថា រដ្ឋាភិបាលអេក្វាឌ័រកំពុងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញជាបណ្ដើរៗហើយ ក្រោមការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ភាពចលាចល បង្កឡើងដោយបាតុកម្មតវ៉ាអស់រយៈពេលពីរថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក Oswaldo ក៏បានបញ្ជាក់ដែរថា ផ្លូវជាតិ និងផ្លូវថ្នល់នៅទូទាំងប្រទេស អាចចាប់ផ្ដើមធ្វើចរាចរណ៍ឡើងវិញជាបណ្ដើរៗ ខណៈអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋ ឃ្វីតូ (Quito) បានដំណើរការជាធម្មតា។

គួរជម្រាបថា ប្រធានាធិបតីអេក្វាឌ័រលោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល ៦០ថ្ងៃ ក្រោយបាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ រីករាលដាលកាន់តែធំបន្ទាប់ពីកញ្ចប់ថវិការដ្ឋ សម្រាប់គាំទ្រវិស័យឥន្ធនៈអស់រយៈកាល រាប់ទសវត្សរ៍មកនេះត្រូវបានបិទបញ្ចប់ ក្នុងក្របខណ្ឌនៃកំណែទម្រង់កញ្ចប់ថវិកាសារពើពន្ធ ២ពាន់លានដុល្លារបស់រដ្ឋាភិបាល។

នៅក្នុងបាតុកម្មតវ៉ា អំពើហិង្សាក៏បានផ្ទុះឡើងផងដែរ ដោយក្រុមបាតុករនាំគ្នាគប់ដុំថ្មលើកងកម្លាំងសន្តិសុខ ព្រមទាំងដុតរនាំងការពារ ជាហេតុបង្ខំឱ្យអាជ្ញាធរប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងឃាត់ខ្លួនមនុស្ស ៣៥០នាក់ ប៉ុន្តែចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀតបើសិនជានៅតែមានការតវ៉ា។

យ៉ាងណាក៏ដោយ លោក Moreno ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីអេក្វាឌ័រ កាលពីឆ្នាំ២០១៧ ជំនួសលោក រ៉ាហ្វាអ៊ែល ខូរៀ (Rafael Correa) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កញ្ចប់ថវិការដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់គាំទ្រវិស័យឥន្ធនៈ ដើម្បីឱ្យឥន្ធនៈមានតម្លៃទាប អស់រយៈពេលជាង ៤០ឆ្នាំ មកនេះបានធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង។ បន្ថែមពីលើនេះលោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យបាតុកម្មតវ៉ា បំផ្លាញប្រទេសអេក្វាឌ័រនោះទេ។

គួរបញ្ជាក់ថា ក្រោយការបិទបញ្ចប់ការផ្ដល់ថវិការជួយដល់វិស័យឥន្ធនៈ ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើឱ្យតម្លៃម៉ាស៊ូតកើនឡើងពី ១.០៣ ដល់ ២.៣០ដុល្លារបន្ថែម ខណៈសាំងវិញឡើងថ្លៃពី ១.៨៥ ដល់ ២.៣៩ដុល្លារ៕