(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Microsoft បានឱ្យដឹងថាក្រុម Hackers ដែលប្រហែលជាមានទំនាក់ទំនងជាមួយ រដ្ឋាភិបាលអ៊ីរ៉ង់ បាន និងកំពុងព្យាយាមលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

បើតាមក្រុមហ៊ុន Microsoft ក្រុម Hackers បានវាយប្រហារព័ត៌មានវិទ្យា ឬ Hack សារអេឡិចត្រូនិច ឬ Email ច្រើនជាង២០០ ហើយក្នុងចំណោម Email ទាំងនេះទៀតសោត មានខ្លះជាកម្មសិទ្ធិរបស់ក្រុមមនុស្ស ដែលមានទំនាក់ទំនងជាមួយយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក មួយក្រុម។ ប៉ុន្តែទន្ទឹមគ្នា ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ថាការវាយប្រហារព័ត៌មានវិទ្យា នេះ គឺមានគោលដៅលើក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ តែម្ដង ខណៈអ៊ីរ៉ង់មិន ទាន់បញ្ចេញប្រតិកម្មអ្វីទៅនឹងការចោទប្រកាន់នេះទេ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Microsoft ក្រុម Hackers បានវាយប្រហារព័ត៌មានវិទ្យា ឬ Hack ចំនួន ២,៧០០លើក ដើម្បីបញ្ជាក់អត្តសញ្ញាណនៃ Email របស់មនុស្សជាច្រើននាក់ នៅចន្លោះពីខែសីហា ដល់ ខែកញ្ញាកន្លងទៅ ហើយក្នុងនោះ Email ចំនួន២៤០ រងការវាយប្រហារ៕