(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា លោកគឺជាមនុស្សតែម្នាក់គត់ ដែលទទួលខុសត្រូវលើរាល់ផលវិបាក នៃសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ហើយបើទោះជាត្រូវគេព្យូរក ឬក៏ត្រូវគេប្រហារជីវិតដោយបាញ់សម្លាប់នៅថ្ងៃណាមួយក៏ដោយ ក៏លោកមិនថាអីដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Philstar នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

លោក ឌូតឺតេ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងវេទិកាមួយនៃទីក្រុង សូជី (Sochi) ប្រទេសរុស្ស៊ីនៅក្នុងសប្ដាហ៍នេះ។ នាឱកាសនោះប្រធានាធិបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាថ្ងៃណាមួយខ្ញុំត្រូវគេព្យួរក ខ្ញុំនឹងនៅតែសប្បាយចិត្ត។ ខ្ញុំនឹងយកខ្សែដាក់លើករបស់ខ្ញុំ ហើយនិយាយថាព្យួរកខ្ញុំចុះ ឬបើសិនជាអ្នកចង់បាញ់សម្លាប់ខ្ញុំក៏ធ្វើទៅ»

លើសពីនេះទៅទៀតលោក ឌូតឺតេ ក៏បានសង្កត់ធ្ងន់ដែរថា លោកពិតជាមានកិត្តិយសណាស់ បើសិនជាលោកស្ថិតនៅក្នុងស្ថានភាព ដូចជាវីរៈបុរសហ្វីលីពីនលោក ចូស រីហ្សាល់ (Jose Rizal) ដែលត្រូវបានគេប្រហារជីវិត ដោយបាញ់សម្លាប់នៅខែធ្នូ ឆ្នាំ១៨៩៦។

គួរបញ្ជាក់ថា សង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ បានទទួលការថ្កោលទោសពីសំណាក់អន្តរជាតិ ជាពិសេសអង្គការសង្គមសិទ្ធិមនុស្សតែម្ដង ដែលបានចាត់ទុករូបជាមនុស្សឃោរឃៅ និងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែប្រជាប្រិយភាពរបស់លោក នៅក្នុងចំណោមប្រជាជនហ្វីលីពីនភាគច្រើន នៅតែស្ថិតក្នុងអាត្រាខ្ពស់ដដែល ខណៈបុរសខ្លាំងហ្វីលីពីនរូបនេះ បានអះអាងជារឿយៗថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រជាជនហ្វីលីពីន ជាពិសេសគឺកូនចៅជំនាន់ក្រោយ៕