(កៀវ)៖ យន្តហោះដឹកជញ្ជូនមួយគ្រឿងធុន An-12 បានបង្ខំចិត្តចុះចតយ៉ាងទាន់ហន់ នៅក្បែរទីក្រុង Lviv នៃប្រទេសអ៊ុយក្រែន នាថ្ងៃសុក្រនេះ ដោយសារតែយន្តហោះនោះអស់សាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅ រសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសនៅលើបណ្តាញសង្គមរបស់រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Vladyslav Kryklii ហេតុការណ៍ នេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់បាត់បង់ជីវិត។ នាឱកាសនោះ លោកបានសម្តែងការចូលរួមរំលែកទុកដល់ គ្រួសារ សាច់ញាតិនៃជនរងគ្រោះ និងបានបញ្ជាក់ថាការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ។

ទន្ទឹមគ្នានេះ អនុរដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Iurii Lavreniuk បានបង្ហោះសារលើ Facebook ឲ្យដឹងថា យន្តហោះ ខាងលើ បានស្ថិតក្នុងជើងហោះហើរជួលដឹកទំនិញលេខ UKL4050 ដែលមានគោលដៅចេញពីអេស៉្បាញ មកកាន់ទីក្រុង Lviv។

គួរជម្រាបថា យន្តហោះខាងលើមានផ្ទុកសហសេវិកយន្តហោះសរុប៧នាក់ ខណៈក៏មានសេចក្តីរាយការណ៍ដែរថា គឺមានមនុស្ស ម្នាក់ទៀត ដែលជាម្ចាស់ទំនិញដែលដឹកតាមជើងហោះហើរនោះ។ យ៉ាងណាមិញ យន្តហោះ An-12 មួយគ្រឿងនោះ ក៏ស្រាប់តែ បានបាត់ចេញពីប្រព័ន្ធរ៉ាដា ហើយដាច់ ការទាក់ទងតែម្តង កាលពីវេលាព្រឹកថ្ងៃសុក្រនេះ។ ប៉ុន្មានម៉ោងក្រោយមក មានដំណឹងថា យន្តហោះនោះបានធ្វើការចុះចតបន្ទាន់ នៅក្បែរព្រលានយន្តហោះក្រុង Lviv៕