(ហុងកុង)៖ នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ឱ្យ អនុវត្តហើយនូវច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ នៅឯកន្លែងប្រមូលផ្ដុំសាធារណៈ ជាពិសេសកំឡុង ធ្វើបាតុកម្មតវ៉ាតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

ការចាត់វិធានការបែបនេះរបស់រដ្ឋាភិបាលទីក្រុងហុងកុង ធ្វើឡើងបន្ទាប់ពី អំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំង រវាងក្រុមបាតុករ និងអាជ្ញាធរប៉ូលិស រហូតដល់ថ្នាក់មានអ្នករងរបួសដោយសារគ្រាប់កាំភ្លើងពិត នៅក្នុង បាតុកម្មតវ៉ាមួយកាលពីថ្ងៃទី០១ ខែតុលាកន្លងទៅ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ លោកស្រី Carrie Lam ក៏បានបញ្ជាក់ដែរថា បាតុកម្មដ៏ហិង្សា បាននិងកំពុងបំផ្លាញទីក្រុងហុងកុង ហើយអាជ្ញាធរនឹងមិនអនុញ្ញាតឱ្យ ស្ថានភាពបច្ចប្បន្ន កាន់តែអាក្រក់ឡើងឡើយ។

គួរបញ្ជាក់ថា ច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ នឹងត្រូវចូលជាធរមាននៅយប់ឈានចូលថ្ងៃសៅរ៍ ទី០៥ ខែតុលានេះ ហើយច្បាប់នេះនឹងអនុញ្ញាតឱ្យអាជ្ញាធរហុងកុង ចេញ បញ្ញត្តនានាដើម្បីផលប្រយោជន៍ សាធារណៈ។ បន្ថែមពីលើនេះ អ្នកដែលល្មើសនឹងច្បាប់នេះ អាចនឹងត្រូវជាប់ពន្ធនាគារមួយឆ្នាំ ឬពិន័យជា ប្រាក់២៥,០០០ដុល្លារហុងកុង។ ប៉ុន្តែព្រមពេលជាមួយគ្នា គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើប៉ូលិស ហុងកុងនឹងអនុវត្តច្បាប់នេះយ៉ាងដូចម្ដេច ចំពោះប្រជាជនដែលត្រូវពាក់ម៉ាស់ប្រចាំថ្ងៃ ដើម្បីការពារខ្លួន ដូចជា ក្នុងករណីផ្ដាសាយជាដើម។

ច្បាប់ដែលលោកស្រី Carrie Lam ប្រកាសឱ្យអនុវត្តគឺមិនដែលកើតមានឡើងឡើយ ចាប់តាំងពីបាតុកម្មនៅក្នុង ទីក្រុងហុងកុង នៅឆ្នាំ១៩៦៧មក ខណៈបាតុកម្មតវ៉ាប្រឆាំងនឹងច្បាប់នេះក៏ត្រូវបានគេរំពឹងថានឹងកើតឡើងនៅ ថ្ងៃសុក្រនេះផងដែរ៕