(វ៉ាស៊ីនតោន)៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារថតរូបភាពកំណាត់ម៉ាស៊ីនហៅថា Starhopper នៃ គំរូយានអវកាស Starship របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយបុរសខាងលើឈ្មោះ JB Wagoner បានដើរចូលក្នុងបរិវេណ មូលដ្ឋាន ធ្វើតេស្តក៏ដូចជាបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ដែលស្ថិតនៅក្រុង Boca Chica នៃរដ្ឋតិចសាស់ ហើយ ថតរូប Starhopper ប៉ុន្មានសន្លឹក និងបង្ហោះរូបថតទាំងនោះនៅលើបណ្តាញសង្គម។

ប្រហែលជា៤ម៉ោងក្រោយមក លោក Wagoner ទទួលបានទូរស័ព្ទពីប៉ូលិសអាមេរិក និងរងការចោទប្រកាន់ពីបទទន្ទ្រានចូល ទីតាំងខាងលើដោយខុសច្បាប់។ បើតាមប៉ូលិសអាមេរិក ក្រុមហ៊ុន SpaceX បានដាក់ពាក្យបណ្តឹងប្រឆាំង លោក Wagoner ហើយលោក Wagoner ក៏ត្រូវបានហៅទៅសាកសួរ និងឈានដល់ការចាប់ខ្លួនតែម្តង។

លោក JB Wagoner បានបញ្ជាក់ថា លោកត្រូវអាជ្ញាធរអាមេរិកសម្រេចឃុំឃាំង និងបានចំណាយពេលមួយយប់ក្នុងពន្ធនាគារ តែបច្ចុប្បន្នកំពុងស្ថិតនៅក្រៅឃុំ ខណៈស្ថានទម្ងន់ទោសនៃបទចោទប្រកាន់របស់លោក គឺអាចត្រូវជាប់ពន្ធនាគាររហូត ដល់៦ខែ និងរងការពិន័យជាប្រាក់២,០០០ដុល្លារ។

លោក Wagoner បានលើកឡើងថា លោកពុំមានបំណងអាក្រក់អ្វីឡើយ ខណៈលោកគឺជាអ្នកគាំទ្រម្នាក់របស់ក្រុមហ៊ុន SpaceX ក៏ដូចជាក្រុមហ៊ុនផលិតរថយន្ត ព្រមទាំងលោក Elon Musk ដែលជាម្ចាស់នៃក្រុមហ៊ុនទាំងពីរ ហើយលោកសង្ឃឹមថា ពាក្យបណ្តឹង អាចនឹងត្រូវដកចេញវិញ៕