(ប៉េកាំង)៖ កម្មវិធីបង្ហោះវីដេអូកម្សាន្តប្លែកៗដ៏ល្បីរបស់ចិន TikTok នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានការជួល ឃោសនាផ្សព្វផ្សាយនយោបាយនៅលើកម្មវិធីនេះឡើយ ពីព្រោះវាមិនសមទៅនឹងគោលដៅបង្កើតបទពិសោធន៍ប្លែកៗ ដែល TikTok សំដៅផ្តល់ជូនអ្នកប្រើប្រាស់រាប់លាននាក់របស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

លោក ប្លេក ចាន់លី (Blake Chandlee) អ្នកតំណាងក្រុមហ៊ុនផលិតកម្មវិធី TikTok បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងមិនអនុញ្ញាតឲ្យមានការបង់ថ្លៃឈ្នួល ដើម្បីដាក់ការផ្សព្វផ្សាយបែកលើកស្ទួយ ឬប្រឆាំងបេក្ខជនឈរឈ្មោះជាមេដឹកនាំ ឬមេដឹកនាំ ព្រមទាំងក្រុម ឬគណបក្សនយោបាយ ក៏ដូចជាការពាក់ព័ន្ធបញ្ហានយោបាយនៅថ្នាក់សហព័ន្ធ ថ្នាក់រដ្ឋ ឬមួយក៏ថ្នាក់មូលដ្ឋានដាច់ខាត ព្រោះការផ្តោតសំខាន់ជាចម្បងរបស់យើង គឺបង្កើតបទពិសោធន៍កម្សាន្តដ៏ល្អប្រសើរមួយ សម្រាប់សហគមន៍អ្នកប្រើប្រាស់របស់យើង»។ កម្មវិធី TikTok តែងផ្តល់នូវឱកាសផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្ម ក៏ដូចជាឃោសនាបានជាច្រើនកន្លែង ប៉ុន្តែគឺទៅលើផលិតផល និងសេវាកម្មនានាប៉ុណ្ណោះ។

គួរជម្រាបថា កម្មវិធី TikTok ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណែត Bytedance Technology ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ មុខងាររបស់កម្មវិធីកម្សាន្តនេះ គឺជាកន្លែងឲ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកឃ្លីបវីដេអូខ្លីរយៈពេល ១៥វិនាទី ដែលមានភ្ជាប់ជាមួយនូវ Special Effect។ កម្មវិធី TikTok ទទួលបានការនិយមប្រើប្រាស់ជាខ្លាំង ក្នុងចំណោមស្រទាប់យុវវ័យនៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍តែម្តង ហើយនាពេលថ្មីៗនេះ ទើបតែមានចំនួនអ្នកប្រើប្រាស់ជាប់ប្រចាំខែកើនដល់ ៥០០លាននាក់៕