(វ៉ាស៊ីនតោន)៖ ប្រភពពីសភាអាមេរិកបានបង្ហើបឲ្យដឹងថា គណៈកម្មាធិការមួយនៃសភាតំណាងរាស្រ្តអាមេរិក ចង់ឲ្យលោក Mark Zuckerberg ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ចូលផ្តល់សក្ខីកម្មពាក់ព័ន្ធនឹងផែនការរូបិយប័ណ្ណឌីជីថល លីប្រា (Libra) ឲ្យបានមុនខែកុម្ភៈឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

យោងតាមប្រភពខាងលើ នាយកផ្នែកប្រតិបត្តិការ (COO) របស់ Facebook គឺលោកស្រី ហ្សែឡ សេនប៊ឺក (Sheryl Sandberg) បានយល់ព្រមដោយស្ទាក់ស្ទើរថា នឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខគណៈកម្មាធិការហិរញ្ញវត្ថុ នៃសភាតំណាងរាស្រ្តនាថ្ងៃទី២៩ ខែតុលា ស្តីពីផែនការរបស់ Facebook ជុំវិញរូបិយប័ណ្ណឌីជីថល Libra ប៉ុន្តែគណៈកម្មាធិការនេះនៅតែមិនសុខចិត្តនោះឡើយ លុះត្រាតែលោក Mark Zukerberg សន្យាថា នឹងចូលទៅបង្ហាញខ្លួនផ្តល់សក្ខីកម្មដូចគ្នា យ៉ាងយូរនៅត្រឹមខែមករាឆ្នាំក្រោយ។

គួរជម្រាបថា ក្រុមហ៊ុន Facebook បានបង្កការភ្ញាក់ផ្អើលក៏ដូចជាក្តីព្រួយបារម្ភជាខ្លាំង ចំពោះអាជ្ញាធរត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងអ្នកតាក់តែងច្បាប់មិនថាតែនៅក្នុងស្រុក ឬក៏នៅក្រៅប្រទេសឡើយ ដោយសារតែសេចក្តីប្រកាសថា ខ្លួននឹងធ្វើចរាចរណ៍កាក់ លុយឌីជីថលហៅថា Libra នៅឆ្នាំ២០២០ ខាងមុខនេះ។ អ្នកទាំងនោះបារម្ភថា គម្រោងរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ អាចនឹងបង្កបញ្ហាជាច្រើន រួមមានទាំងផ្នែកឯកជនភាពជាតិ ផ្នែកសន្តិសុខជាតិ ផ្នែកគោលនយោបាយរូបិយវត្ថុ ព្រមទាំងអាចប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុជាសកលតែម្តង ដោយសារតែឥទ្ធិពលដ៏ធំសម្បើមរបស់ Facebook៕