(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រជាជនវេណេស៊ុយអេឡានឹងត្រូវបានរំដោះ ជាមួយការសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធ្វើឱ្យរបបដឹកនាំរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាន់តែ ឯកោ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខបណ្ដាមេដឹកនាំមកពីតំបន់អាមេរិកឡាទីន នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាត UN ក្នុងទីក្រុង ញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ដែរថា របបដឹកសង្គមនិយមរបស់លោក ម៉ាឌូរ៉ូ គឺជាអ្នកបំផ្លាញប្រទេសវេណេស៊ុយអេឡា។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «សព្វថ្ងៃ ប្រជាជន វេណេស៊ុយអេឡាកំពុងជួបគ្រោះអត់ឃ្លាត និងស្លាប់ដោយសារតែកង្វះថ្នាំពេទ្យ...ប៉ុន្តែយើងនឹងបន្តគំាទ្រ ក៏ដូចជាឈរ នៅក្បែរប្រជាជនវេណេស៊ុយអេឡា ដែលនឹងត្រូវបានរំដោះ»។ តែយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិត ឡើយថាតើនឹងរំដោះប្រជាជាតិអាមេរិកឡាទីនមួយនេះដោយរបៀបណានោះទេ។

គួរបញ្ជាក់ថា វេណេស៊ុយអេឡា ដែលជាធ្លាប់ជាសេដ្ឋីប្រេង បានធ្លាក់ចូលនៅក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចយ៉ាង ធ្ងន់ធ្ងរ ដោយមានប្រជាជនជាង៣.៦លាននាក់ បានភៀសខ្លួនចេញពីប្រទេសគិតចាប់តាំងពីឆ្នាំ២០១៦មក ដើម្បីកសាង ជីវិតថ្មី និងគេចចេញពីអំពើហិង្សា ព្រមទាំងគ្រោះអត់ឃ្លាន៕