(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងចង់បានកែវយឺតអវកាសថ្មី ដែលមានសមត្ថភាពតាមដានអាចម៍ផ្កាយ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ភពផែនដីយើង។

២៖ ដោយឡែកពីកិច្ចប្រជុំមហាសន្និបាត នៃអង្គការសហប្រជាជាតិ (UNGA) ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានលើកឡើងយ៉ាងដូច្នេះថា ទីក្រុងប៉េកាំងគ្មានបំណងក្នុងការលេង «ល្បែងដណ្តើមរាជ» នៅលើឆាកអន្តរជាតិនោះឡើយ។

៣៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថា ខ្លួននឹងផ្ដល់ជំនួយ ៥២លានដុល្លារដល់មេដឹកនាំ គណបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ខណៈជំនួយនេះត្រូវបានមជ្ឈដ្ឋាន ខ្លះយល់ថា អាចនឹងត្រួវបានយកទៅប្រើប្រាស់ក្នុងយុទ្ធនាការទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។

៤៖ ប្រធានអង្គការអវកាស NASA របស់អាមេរិកបានរិះគន់លើចិនថា កំពុងប្រើប្រាស់ទីអវកាសសម្រាប់វិស័យយោធា និងថែមទាំងបានព្រមានទៀតថា ប្រសិនបើទីក្រុងប៉េកាំងហ៊ានប៉ុនប៉ង ដាក់ពង្រាយសព្វាវុធក្នុងទីអវកាសនោះ អាមេរិកនឹងចាត់វិធានការឆ្លើយតបវិញជាមិនខាន។

៥៖ នាវាដឹកឧទ្ធម្ភាគចក្រដំបូងគេបង្អស់របស់ប្រទេសចិន ត្រូវបានសម្ពោធដាក់ទៅលើផ្ទៃទឹកនាថ្ងៃពុធនេះ នៅឯទីក្រុងសៀងហៃ ដែលជាសញ្ញាបង្ហាញថា ដំណើរការសាងសង់របស់វាជិតចប់រួចរាល់ទាំងស្រុងជាស្ថាពរ ហើយ។

៦៖ ក្រុមសមាជិកសភានៃសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យបានបើកការស៊ើបអង្កេត មួយជាផ្លូវការហើយ ដើម្បីដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង៕