(តេហេរ៉ង់)៖ អ្នកដែលនិយមតាមដានព័ត៌មានអន្តរជាតិមិនថា តិច ឬច្រើននោះឡើយ គឺសុទ្ធតែធ្លាប់បានដឹងលឺអំពីឈ្មោះប្រទេស «អ៊ីរ៉ង់» នេះជាក់ជាមិនខាន ដ្បិតថាឈ្មោះរបស់ប្រទេសមួយនេះ តែងតែស្ថិតនៅលើទំព័រកាសែតអន្តរជាតិធំៗជានិច្ច ជាពិសេសចាប់តាំងពីជម្លោះជាមួយអាមេរិក កាន់តែមានសភាពក្តៅគគុក។ ដូច្នេះតើអ្នកបានដឹងអ្វីខ្លះអំពីរបបដឹកនាំរបស់ប្រទេសមួយនេះ?

ចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ បានផ្តួលរំលំរបបរាជានិយមស្តេចសារួចមក ប្រទេសមួយនេះ ត្រូវបានដឹកនាំតាមប្រព័ន្ធរដ្ឋាភិបាលមួយ ដែលមានលក្ខណៈដាច់ដោយឡែកពីគេ និងមានភាពស្មុកស្មាញ។ បើទោះបីជា របបដែលប្រសូតចេញពីបដិវត្តន៍មួយនេះ មានសភាតំណាងរាស្រ្ត ដែលត្រូវបានបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋដោយផ្ទាល់ ហើយថែមទាំងបានប្រកាសពីគោលការណ៍ នៃការបែងចែកអំណាចឲ្យដាច់ពីគ្នាក៏ដោយ ក៏ប៉ុន្តែសេចក្តីសម្រេចចុងក្រោយ គឺជារបស់មេដឹកនាំកំពូល (The Supreme Leader) ដែលមានអំណាចដាច់ខាត។ ខាងក្រោមនេះ គឺជាទិដ្ឋភាពទូទៅនៃសមាសធាតុសំខាន់ៗ ក្នុងប្រព័ន្ធនយោបាយអ៊ីរ៉ង់៖

១៖ មេដឹកនាំកំពូល (The Supreme Leader)
រដ្ឋធម្មនុញ្ញអ៊ីរ៉ង់ បានកំណត់ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺជាអ្នកប្រាជ្ញខាងច្បាប់អ៊ីស្លាមនិកាយស៊ីអីត ហើយត្រូវតែជាប្រមុខសាសនា ដែលត្រូវបានប្រជាជនអ៊ីរ៉ង់ភាគច្រើនគោរពគាំទ្រ។ មេដឹកនាំកំពូល គឺជាតួរអង្គនយោបាយ ដែលមានអំណាចខ្ពស់បំផុតក្នុងរដ្ឋ ហើយមានលក្ខណៈដាច់ខាត។ រដ្ឋធម្មនុញ្ញអ៊ីរ៉ង់ បានផ្តល់ឲ្យមេដឹកនាំកំពូល នូវអំណាចយ៉ាងទូលំទូលាយ ដែលគ្រប់ដណ្តប់លើអំណាចទាំងអស់របស់រដ្ឋ។ អំណាចទាំងនោះ រួមមានដូចជា ការកំណត់បន្ទាត់នយោបាយរួមរបស់ប្រទេស គោលនយោបាយនុយក្លេអ៊ែរ ជាមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធ ព្រមទាំងជាអ្នកគ្រប់គ្រងភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់អ៊ីរ៉ង់ រួមទាំងមានសិទ្ធិអំណាចប្រកាសសង្គ្រាមផងដែរ។ លើសពីនោះទៀត មេដឹកនាំកំពូលក៏មានសិទ្ធិតែងតាំង ឬបណ្តេញប្រធានតុលាការ និងប្រព័ន្ធផ្សព្វផ្សាយទៀតផង។

មេដឹកនាំកំពូលបច្ចុប្បន្ន គឺ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) ដែលបានស្នងតំណែងពីលោក អាយ៉ាតូលឡាហ៍ ខូមៃណី (Ayatollah Ruhollah Khomeini) ដែលបានទទួលមរណភាពកាលពីឆ្នាំ ១៩៨៩ ។ គួរជម្រាបថា លោកខូមៃណី (Khomeini) និង ខាមេណី (Khamenei) គឺជាមនុស្សតែពីរនាក់គត់ ដែលបានកាន់តំណែងកំពូលមួយនេះ ចាប់តាំងពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានបង្កើតមកកាលពីឆ្នាំ ១៩៧៩។ មុនពេលកាន់តំណែងជាមេដឹកនាំកំពូលនេះ លោក Khamenei ក៏ធ្លាប់បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ កាលពីខែតុលាឆ្នាំ ១៩៨១ និងជាអ្នកដឹកនាំប្រទេសឆ្លងកាត់សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ផងដែរ។

២៖ ប្រធានាធិបតី
ប្រធានាធិបតី គឺជាមន្ត្រីជាន់ខ្ពស់បំផុតទី ២ ក្នុងរបបអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់ ត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ សម្រាប់អាណត្តិ ៤ ឆ្នាំ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យកាន់អំណាច លើសពីពីរអាណត្តិជាប់ៗគ្នានោះឡើយ។ ទោះបីជាប្រធានាធិបតីមានឋានៈជាសាធារណៈ ខ្ពស់យ៉ាងណាក៏ដោយ ក៏អំណាចរបស់តំណែងមួយនេះ មិនមានលក្ខណៈទូលំទូលាយពេកដែរ បើធៀបនឹងអំណាចរបស់មេដឹកនាំកំពូល។ និយាយជារួម តំណែងប្រធានាធិបតី ត្រូវទទួលខុសត្រូវជាចម្បង ក្នុងការកំណត់គោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ជាមួយនឹងការដើរតួជាអ្នកតំណាងឱ្យអ៊ីរ៉ង់នៅលើឆាកអន្តរជាតិ ជាដើម។

ប្រធានាធិបតីអ៊ីរ៉ង់បច្ចុប្បន្ន គឺលោក ហាសាន់ រូហានី។ លោក ហាសាន់ រូហានី បានជាប់ឆ្នោតជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ ដោយសំឡេងគាំទ្រ៥១ភាគរយ ហើយក៏បានជាប់ឆ្នោតជាថ្មីម្តងទៀតកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ។

៣៖ ក្រុមប្រឹក្សាស៊ូរ៉ា (សភាតំណាងរាស្ត្រ)
ក្រុមប្រឹក្សានេះ ជាក្រុមប្រឹក្សានីតិបញ្ញត្តិ និងត្រួតពិនិត្យ ដែលមានអាសនៈចំនួន២៩០ និងមានអាណត្តិ៤ឆ្នាំ។ ក្រុមប្រឹក្សានេះ មានសិទ្ធិបង្កើតច្បាប់ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ព្រមទាំងកោះហៅនិងសាកសួររដ្ឋមន្ត្រីក៏ដូចជាប្រធានាធិបតីផងដែរ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាស៊ូរ៉ាក៏មានសិទ្ធិក្នុងការផ្តល់ ឬដកទំនុកចិត្តពីរដ្ឋាភិបាល និងផ្តល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិផងដែរ ប៉ុន្តែគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាអាណាព្យាបាល។

៤៖ ក្រុមប្រឹក្សាអភិរក្សរដ្ឋធម្មនុញ្ញ
ក្រុមប្រឹក្សានេះ មានសមាជិក១២រូប។ ០៦រូបត្រូវបានតែងតាំងដោយផ្ទាល់ពីមេដឹកនាំកំពូល (The Supreme Leader) និង ០៦ រូបទៀតមកពីអង្គចៅក្រម។ ស្ថាប័ននេះមានភារកិច្ចឃ្លាំមើលលើ ការអនុលោមច្បាប់ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាស៊ូរ៉ា (សភា) ព្រមទាំងពិនិត្យមើលលើឯកសាររបស់បេក្ខជនដែលមានបំណងចូលរួមការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី និងសភា។ លើសពីនោះទៀត ក្រុមប្រឹក្សាខាងលើនេះ គឺជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិក្នុងការបកស្រាយគោលការណ៍នៃរដ្ឋធម្មនុញ្ញ។

៥៖ សភាអ្នកជំនាញ (The Assembly of Experts)
វាគឺជាស្ថាប័នសាសនាមួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨២។ ស្ថាប័ននេះ មានសមាជិកចំនួន៨៨រូប ដែលត្រូវបានបោះឆ្នោតជ្រើសរើស សម្រាប់អាណត្តិ៨ឆ្នាំ។ សភានេះ មានសិទ្ធិលើការទទួលខុសត្រូវចំពោះការតែងតាំង និងទម្លាក់មេដឹកនាំកំពូល ប្រសិនបើត្រូវបានគេមើលឃើញថា មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ ឬបាត់បង់នូវលក្ខខណ្ឌចាំបាច់ណាមួយ។

៦៖ ក្រុមប្រឹក្សាវែកញែករហ័ស (Expediency Discernment Council)
វាគឺជាស្ថាប័នប្រឹក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ ។ ស្ថាប័ននេះមានសមាជិក ៣១ រូប ដែលត្រូវបានតែងតាំង ដោយមេដឹកនាំកំពូល សម្រាប់អាណត្តិរយៈពេល៥ឆ្នាំ។ តួរនាទីរបស់ក្រុមប្រឹក្សានេះ គឺដោះស្រាយរាល់វិវាទ ដែលកើតឡើងរវាងសភាតំណាងរាស្ត្រ និងក្រុមប្រឹក្សាអាណាព្យាបាល។ សេចក្តីសម្រេចណាមួយ លើករណីវិវាទរវាងស្ថាប័នទាំងពីរខាងលើ នឹងចូលជាធរមាន នៅពេលណាមានការយល់ព្រមពីមេដឹកនាំកំពូល។

៧៖ អំណាចតុលាការ
ប្រធានតុលាការ ត្រូវបានតែងតាំងដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូលអ៊ីរ៉ង់ សម្រាប់អាណត្តិ៥ឆ្នាំម្តង។ ហើយប្រធានតុលាការ ជាអ្នកតែងតាំងសមាជិកនៃតុលាការកំពូល ដែលជាអាជ្ញាធរមានសមត្ថកិច្ចខ្ពស់ជាងគេបំផុត នៅក្នុងប្រទេស។

៨៖ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់
យោងតាមមាត្រា១៧៦នៃរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ បានចែងថា ក្រុមប្រឹក្សានេះ មានបេសកកម្មការពារបដិវត្តអ៊ីស្លាម បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេស។

សមាសភាព នៃក្រុមប្រឹក្សានេះ មានដូចជា ប្រធានាធិបតី ប្រធានសភា ប្រធានតុលាការ និងមេបញ្ជាការកម្លាំងប្រដាប់អាវុធ រដ្ឋមន្រ្តីក្រសួងការបរទេស ក្រសួងមហាផ្ទៃមហាផ្ទៃ ប្រធានចារកម្ម ព្រមទាំងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ។

៩៖ កងកម្លាំងប្រដាប់អាវុធ
កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រូវបានបែងចែកជា២ប្រភេទ។ មួយប្រភេទ ជាកងទ័ពធម្មតា (កងទ័ពរសាធារណៈរដ្ឋអ៊ីរ៉ង់) ដែលស្ថិតនៅក្រោមបញ្ជារបស់ក្រសួងការពារជាតិ និងមួយប្រភេទទៀត គឺកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ប្រភេទចុងក្រោយនេះ គឺស្ថិតក្រោមបញ្ជារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ផ្ទាល់។

យោងតាមរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ កងទ័ពសាធារណៈរដ្ឋអ៊ីរ៉ង់ទទួលខុសត្រូវលើ ការការពារឯករាជ្យជាតិ បូរណភាពទឹកដី និងរក្សាសណ្តាប់ធ្នាប់ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គឺមានតួរនាទីរក្សាបដិវត្តន៍ និងសមិទ្ធផលនានារបស់ខ្លួន ហើយការពាររបបសាធារណរដ្ឋអ៊ីស្លាមទាំងក្នុងនិងក្រៅប្រទេស និងទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស ព្រមទាំងរារាំងរដ្ឋប្រហារយោធា។

ប្រភព៖ សារព័ត៌មាន Aljazeera និង Arabic Post (ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩)
ប្រែសម្រួល៖ គ្រីមទៀត