(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃពុធនេះបានប្រកាសបើកជាផ្លូវការ ព្រលានយន្តហោះដ៏ធំថ្មីមួយនៅទីក្រុងប៉េកាំង គឺអាកាសយានដ្ឋានអន្តរជាតិដាស៊ីង (Daxing)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

អាកាសយានដ្ឋានខាងលើ ដែលមានរូបរាងប្រៀបដូចទៅនឹងសត្វផ្កាយសមុទ្រនោះ ស្ថិតនៅភាគខាងត្បូងរដ្ឋធានីប៉េកាំង ហើយវាត្រូវបានគេរំពឹងទុកថា នឹងជួយសម្រាលបន្ទុកពីអាកាសយានដ្ឋានអន្តរជាតិ ដ៏មមាញឹកខ្លាំងសព្វថ្ងៃគឺ Beijing Capital International Airport ដែលស្ថិតនៅភាគឦសានទីក្រុង។

អាកាសយានដ្ឋាន Daxing ស្ថិតនៅចម្ងាយប្រមាណ ៤៦គីឡូម៉ែត្រពីទីលាន ធានអានមិន (Tiananmen) ដែលជិតស្មើនឹងចម្ងាយពីអាកាសយានដ្ឋាន Capital មកកាន់កណ្តាលទីក្រុងប៉េកាំងពីរដង។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងធ្វើប្រតិបត្តិការពេញសមត្ថភាពតែម្តងនៅឆ្នាំ២០២៥ ជាមួយផ្លូវសម្រាប់ឲ្យយន្តហោះហោះឡើង និងចុះចំនួន ០៤ និងអាចទទួលអ្នកដំណើរបាន ៧២លាននាក់ក្នុងមួយឆ្នាំ។

នៅពេលដល់ឆ្នាំ២០៤០ អាកាសយានដ្ឋានអន្តរជាតិ Daxing នឹងត្រូវពង្រីកខ្លួនរហូតមានផ្លូវយន្តហោះកើនដល់ ០៨ខ្សែ ក្នុងនោះមួយខ្សែសម្រាប់ការប្រើប្រាស់របស់យោធា ហើយនឹងអាចទទួលអ្នកដំណើរបានដល់ ១០០លាននាក់ក្នុងមួយឆ្នាំ។

អាកាសយានដ្ឋាននេះ ស្ថិតលើទំហំផ្ទៃដី ៧០០,០០០ម៉ែត្រក្រឡា ឬស្មើនឹងតារាងបាល់ទាត់ ១០០រួមបញ្ចូលគ្នា ខណៈការចំណាយសម្រាប់គម្រោងសាងសង់គឺទំហំ ១២០ពាន់លានយ័ន (១៧.៥ពាន់លានដុល្លារ) តែបើរាប់បញ្ចូលទាំងផ្លូវដែក និងថ្នល់ដែលតភ្ជាប់ទៅកាន់អាកាសយានដ្ឋានថែមទៀតគឺខ្ទង់ ៤០០ពាន់លានយ័នឯណោះ (៥៦.២ពាន់លានដុល្លារ)។

គួរជម្រាបថា គំរូរចនាម៉ូតនៃអាកាសយានដ្ឋានអន្តរជាតិ Daxing គឺជាស្នាដៃរបស់ស្ថាបត្យករដ៏ឆ្នើមជនជាតិអ៊ីរ៉ាក់គឺលោកស្រី ហ្សាហា ហាឌីត (Zaha Hadid) ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៦។ ការបើកសម្ពោធអាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសចិនកំពុងត្រៀមអបអរខួបឆ្នាំទី ៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅសប្តាហ៍ក្រោយ៕