(តូក្យូ)៖ ប្រធានអង្គការអវកាស NASA របស់អាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ បានរិះគន់លើចិនថា កំពុងប្រើប្រាស់ទីអវកាសសម្រាប់វិស័យយោធា និងថែមទាំងបានព្រមានទៀតថា ប្រសិនបើទីក្រុងប៉េកាំងហ៊ានប៉ុនប៉ង​ដាក់ពង្រាយសព្វាវុធក្នុងទីអវកាសនោះ អាមេរិកនឹងចាត់វិធានការឆ្លើយតបវិញជាមិនខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Nikkei នាថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងកំឡុងការផ្តល់កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន នីកខៃ (Nikkei) ប្រធានអង្គការ NASA លោក ជីម ប្រាយដិនស្តាញ (Jim Bridenstine) បាននិយាយថា «ប្រទេសចិនកំពុងតែប្រព្រឹត្តសកម្មភាព ដែលគ្មានគោលដៅល្អឡើយនៅទីអវកាស ខណៈនៅពេលយើងគិតពីអនាគតនៃអវកាស គឺពួកយើងចង់ឲ្យវាមានសុខសន្តិភាព។ លោក Bridenstine បានបន្ថែមថា គោលដៅរបស់ NASA ក្នុងទីអវកាសគឺការស្រាវជ្រាវរុករក និងការបង្កើតរបកគំហើញថ្មី ដូច្នេះហើយអាមេរិកនឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយ មកបំផ្លាញសុខសន្តិភាពនៅក្នុងទីអវកាស ដែលអាចបំផ្លាញគោលដៅនេះឡើយ។

ការរិះគន់ក៏ដូចជាព្រមាននេះកើតមានឡើង ស្របពេលដែលប្រទេសទាំងពីរ កំពុងមានជម្លោះពាណិជ្ជកម្មដ៏តានតឹងជាមួយគ្នា ខណៈដែលសហរដ្ឋអាមេរិកខ្លួនឯង ក៏កំពុងរងការសង្ស័យផងដែរ ចំពោះយន្តហោះអវកាសស៊ើបការណ៍សម្ងាត់ X-37B ដែលមិនទាន់មានការបកស្រាយ។ ខណៈចិនកំពុងសំឡឹងឃើញវិស័យអវកាស ជាគោលដៅដ៏សំខាន់បំផុតមួយ សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភថា ចិនពុំត្រឹមតែកំពុងព្យាយាមប្រជែងជាមួយខ្លួន ទាំងលើវិស័យបច្ចេកវិទ្យាប៉ុណ្ណោះទេ តែខាងវិស័យអវកាសវិញក៏ដូចគ្នាផង។

គួរជម្រាបថា បើនិយាយពីវិស័យអាកាស ចិនបានក្លាយខ្លួនជាប្រទេសដ៏ខ្លាំងមួយ​ស្រេចទៅហើយ ជាមួយសមិទ្ធផលដូចជាការ បញ្ជូនមនុស្សឡើងទៅកាន់ទីអវកាស ព្រមទាំងគំរោងបង្កើតមន្ទីរពិសោធន៍អវកាសដោយខ្លួនឯងផ្ទាល់ ដោយមានប្រទេសតែចំនួន ០៣ ប៉ុណ្ណោះអាចធ្វើយ៉ាងដូច្នោះបាន។

រីឯកាលពីខែមករា ដើមឆ្នាំ២០១៩នេះ ចិនបានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានបញ្ជូន យានរ៉ូបូតឲ្យចុះទៅកាន់ផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ។ ក្រៅពីនេះចិនក៏មានគម្រោងបញ្ជូនអវកាសយានិក ទៅឲ្យទៅជាន់ដីព្រះច័ន្ទ ដូចដែលអាមេរិកធ្លាប់បានធ្វើកាលពីប៉ុន្មានទសវត្សរ៍មុនផងដែរ ហើយសាងសង់ស្ថានីយស្រាវជ្រាវមួយទីនោះ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដើម្បីវិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមហាអំណាចអវកាសស្មើ ឬក៏អាចនាំមុខសហរដ្ឋអាមេរិកតែម្តង ដែលនេះហើយគឺជាក្តីបារម្ភដ៏ធំបំផុតរបស់អាមេរិក៕