(ប៉េកាំង)៖ នាវាដឹកឧទ្ធម្ភាគចក្រដំបូងគេបង្អស់របស់ប្រទេសចិន ត្រូវបានសម្ពោធដាក់ទៅលើផ្ទៃទឹកនាថ្ងៃពុធនេះ នៅឯទីក្រុងសៀងហៃ ដែលជាសញ្ញាបង្ហាញថា ដំណើរការសាងសង់របស់វា ជិតចប់រួចរាល់ទាំងស្រុងជាស្ថាពរហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន China Daily នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

កងទ័ពជើងទឹកចិនបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ពិធីសម្ពោធនាវាដឹកឧទ្ធម្ភាគចក្រខាងលើ បានប្រព្រឹត្តទៅកាលពី ព្រឹក ថ្ងៃពុធនេះ នៅឯទីតាំងផលិតកប៉ាល់មួយកន្លែង តែពុំបានបញ្ជាក់ឈ្មោះទេ។ បើតាមបណ្តាញសារព័ត៌មានប្រទេសដទៃ ទីតាំង នោះ គឺស្ថិតនៅរោងចក្រសាងសង់កប៉ាល់របស់ក្រុមហ៊ុន Hudong-Zhonghua Shipbuilding នៅទីក្រុងសៀងហៃ។

នាវាដឹកឧទ្ធម្ភាគចក្រនោះ គឺជានាវាដឹកជញ្ជូនយោធានិងសព្វាវុធដែលគេហៅថា Amphibious Assault Ship ប្រភេទថ្មី Type 075 ដែលខុសពីនាវា Amphibious Assault Ship កន្លងមករបស់ចិន ដែលជាប្រភេទ Type 071។ លក្ខណៈខុសគ្នារវាងប្រភេទនាវា ទាំងពីរ គឺត្រង់ថា នាវា Type 075 មានទំហំធំជាង និងមានផ្នែកខាងលើវាលទូលាយ សម្រាប់ផ្ទុកឧទ្ធម្ភាគចក្របានច្រើន ដែល ស្រដៀងទៅនឹង នាវាដឹកយន្តហោះចម្បាំង ខណៈនាវា Type 071 គឺស្រដៀងនឹងនាវាចម្បាំង តែក៏អាចឲ្យឧទ្ធម្ភាគចក្រចុះចតលើពួកវាបានប្រហែលពីរគ្រឿងផងដែរ។

គួរជម្រាបថា នាវាយោធាប្រភេទ Amphibious Assault មានជំនាញខាងបញ្ចេញកងទ័ព ឧទ្ធម្ភាគចក្រ រថក្រោះនិងរថពាសដែក ដើម្បីធ្វើសកម្មភាពវាយប្រហារចេញពីកណ្តាលផ្ទៃសមុទ្រឡើងទៅកាន់តំបន់ឆ្នេរ។ ពិធីសម្ពោធដាក់នាវាខាងលើចូលទៅលើផ្ទៃ ទឹកបែបនេះ គឺមានន័យថា ដំណើរការសាងសង់របស់វាជិតចប់រួចរាល់ទាំងស្រុងហើយ នៅមុនការសាកល្បងធ្វើដំណើរឆ្លងកាត់ ដែនសមុទ្រ និងការដាក់ឲ្យធ្វើប្រតិបត្តិការជាផ្លូវការ៕