(ញូយ៉ក)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថា ខ្លួននឹងផ្ដល់ជំនួយ ៥២លានដុល្លារ ដល់មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ខណៈជំនួយនេះត្រូវបានមជ្ឈដ្ឋានខ្លះយល់ថា អាចនឹងត្រួវបានយកទៅប្រើប្រាស់ក្នុងយុទ្ធនាការទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID ជំនួយទាំងនេះនឹងត្រូវផ្ដល់ឱ្យក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល វិស័យសុខាភិបាល ព្រមទាំងសភាជាតិ វេណេស៊ុយអេឡាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់លោក Guaido។ ប៉ុន្តែទន្ទឹមគ្នា លោក Guaido បានអះអាងថា គណបក្សប្រឆាំងនឹងមិនចាត់ចែងជំនួយទាំងនេះតែម្នាក់ឯងនោះទេ។

គួរជម្រាបថា វេណេស៊ុយអេឡាកំពុងជាប់ផុងនៅក្នុងវិបត្តិនយោបាយ និងការបាក់បែកដ៏រុំារ៉ៃ ចាប់តាំងពីលោក Guaido ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី កាលពីខែមករាកន្លងទៅ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក និងប្រទេសច្រើនជាង ៥០ ផ្សេងទៀត។ តែបច្ចុប្បន្នលោក ម៉ាឌូរ៉ូ នៅតែក្ដោបក្ដាប់អំណាចយោធា ជាមួយការគាំទ្រពីចិន និងរុស្ស៊ី ដែលចាត់ទុកលោកជាប្រធានាធិបតីស្របច្បាប់ តែមួយគត់របស់វេណេស៊ុយអេឡា៕