(បាងកក)៖ គណបក្សប្រឆាំងចំនួន៧ នៅក្នុងប្រទេសថៃ នៅតែបន្តប្ដឹងទាមទារឱ្យគណៈកម្មាការជាតិ ប្រឆាំងអំពើពុករលួយ (NACC) បើកការស៊ើបអង្កេតលើលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពាក់ព័ន្ធនឹងការមិនសូត្រឱ្យចប់ចុងចប់ដើមនូវពាក្យសម្បថ កំឡុងពេលស្បថចូលកាន់តំណែង កាលពី ខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីទាំង៣៥រូបរបស់លោក បានស្បថចូលកាន់ តំណែងនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn ក្នុងព្រះរាជវាំង នៅទីក្រុងបាងកក នៅថ្ងៃទី១៦ ខែកក្កដា។ ប៉ុន្តែនៅពេលនោះ លោក ប្រាយុទ្ធ ត្រូវបានក្រុមគណបក្សប្រឆាំងចោទថាបាន រំលោភលើរដ្ឋធម្មនុញ្ញ ដោយសារតែមិនបានសូត្រពាក្យសម្បថឱ្យអស់ ជាពិសេសគឺនៅត្រង់ឃ្លាគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញនៃប្រទេស។

ដោយឡែក ជុំវិញបញ្ហានេះដែរ គណបក្សប្រឆាំងថៃចំនួន៧ នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅតែបន្តប្ដឹង ទាមទារឱ្យ NACC បើកការស៊ើបអង្កេតលើលោក ប្រាយុទ្ធ ដដែល ជាមួយក្ដីសង្ឃឹមថាគណៈកម្មាការ មួយនេះមានកាតព្វកិច្ចស្វែងរកការពិត ហើយបញ្ជូនភស្ដុតាងទាំងឡាយទៅកាន់តុលាការធម្មនុញ្ញ និងតុលាការកំពូល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ តុលាការធម្មនុញ្ញថៃ បានទាត់ចោលពាក្យបណ្ដឹងរបស់ក្រុមបក្សប្រឆាំងម្ដងរួចមកហើយ ដោយះអះអាងថាខ្លួនមិនមានសមត្ថកិច្ចអ្វីក្នុងការធ្វើសេចក្ដីសម្រេច លើការពិធីស្បថចូលកាន់តំណែងនៅចំពោះមុខព្រះមហាក្សត្រនោះទេ។ មិនតែប៉ុណ្ណោះ លោក បា្រយុទ្ធ ចាន់អូចា ផ្ទាល់ក៏បាននិយាយដែរថាលោកមិនបានធ្វើខុសអ្វីឡើយ ហើយក៏មិនខ្លាច ការស៊ើបអង្កេតដែរ៕