(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យប្រទេសទាំងអស់ នៅលើពិភពលោកទទួលយកគំនិតជាតិនិយម និងបោះបង់ចោលគំនិតសកលនិយម ជាមួយការបញ្ជាក់ថា មេដឹកនាំគួរតែតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិរបស់ខ្លួនជាធំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសុន្ទរថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក ដូណាល់ ត្រាំ បានលើកឡើង ដូច្នេះថា៖ « ពិភពលោកសេរី ត្រូវតែទទួលយកគំនិតជាតិនិយមរបស់ខ្លួនជាមូលដ្ឋាន ដោយមិនត្រូវព្យាយាម លុបបំបាត់ ឬជំនួសគំនិតមួយនេះឡើយ ដ្បិតអនាគតគឺមិនអាស្រ័យលើអ្នកសកលលោកនិយម នោះទេ តែវាគឺអាស្រ័យទៅលើអ្នកស្នេហាជាតិ»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ដូណាល់ ត្រាំ ថ្លែងសារបែបនេះ ពោលនៅក្នុង កិច្ចប្រជុំកំពូលមហាសន្និបាត UN កាលពីឆ្នាំ២០១៨ លោកក៏ធ្លាប់បានសង្កត់ធ្ងន់ពីការតម្កល់ផលប្រយោជន៍ អាមេរិកជាធំ ឬ American First ផងដែរ៕