(ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថាន បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់១៩នាក់ បានបាត់បង់ជីវិត និង១០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ វាយប្រហារលើ តំបន់ភាគខាងជើងនៃប្រទេស នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីខាងលើ មានចំណុចរញ្ជួយស្ថិតនៅចំងាយ២៣គីឡូម៉ែត្រ ពីតំបន់ Jhelum នៃភាគខាងជើងប្រទេស ប៉ាគីស្ថាន ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរប៉ាគីស្ថាន តំបន់មួយដែលស្ថិតនៅចន្លោះតំបន់ Jhelum និង Mirpur រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងគេ។ Jhelum គឺជាតំបន់មួយមានទីតាំងស្ថិតនៅចំងាយ១២០ គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីអ៊ីស្លាម៉ាបាត៕