(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថាអង្គការសហប្រជាជាតិ គឺជាបរាជ័យរបស់ពិភពលោក ខណៈការដោះស្រាយបញ្ហាធំៗជាច្រើន គឺអាស្រ័យទៅលើប្រទេសចំនួន៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន TRT World នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

លោក Erdogan ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្ដាហ៍កន្លងទៅ នៅឯអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Ataturk មុនឡើងជិះយន្ដហោះធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ កំពូលមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅនៅឯទីក្រុងញូយ៉ក។

ថ្លែងនាឱកាសនោះ ប្រធានាធិបតីតួកគីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «បច្ចុប្បន្ន សមាជិកអង្គការសហប្រជាជាតិ (UN) មានរហូតដល់ទៅ១៩៣ប្រទេស...ប៉ុន្តែហេតុអ្វីបានជាប្រទេសទាំង ១៩៣នេះត្រូវរង់ចាំចម្លើយចេញពីបបូរមាត់របស់ប្រទេសចំនួន៥ទៅវិញ ទើបអាចដោះស្រាយបញ្ហានានា បាន»។ លោក Erdogan បន្ថែមថា នៅពេលដែលគេមើលមួយជ្រុង UN គឺជាស្ថាប័នដោះស្រាយបញ្ហា ប៉ុន្តែតាមពិតពួកគេមិនអាចដោះស្រាយអ្វីបានឡើយ។

គួរបញ្ជាក់ថា ប្រទេសទាំង៥ ដែលលោក Erdogan លើកឡើងគឺចង់សំដៅលើសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិរួមមាន សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង៕