(បរទេស)៖ វត្តមានសារធាតុរ៉ែថ្មីមួយប្រភេទ ត្រូវបានគេប្រទះឃើញក្នុងត្បូងពេជ្រ នៅប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការ​ដកស្រង់​​ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

វែបសាយព័ត៌មាន Live Science បានចុះផ្សាយនាដើមសប្តាហ៍នេះថា សារធាតុរ៉ែមួយប្រភេទ ដែលមិនធ្លាប់ជួបប្រទះពីមុនមក​ ត្រូវបានគេរកឃើញនៅក្នុងពេជ្រមួយគ្រាប់ ដែលបានមកពីតំបន់ភ្នំភ្លើងមួយកន្លែង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ សារធាតុរ៉ែ​ ​​ដែលអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះឲ្យថា «Goldschmidtite» ត្រូវគេជឿជាក់ថា បានកកើតឡើងនៅជម្រៅ១៧០គីឡូម៉ែត្រក្រោម​ដី គឺនៅបរិវេណតំបន់ស្រទាប់ Mantle របស់ផែនដី ដែលនៅចន្លោះស្រទាប់ក្រៅនៃស្នូល​ផែនដី និងស្រទាប់ផ្ទៃខាងលើរបស់ភពយើង។ សារធាតុរ៉ែ Goldschmidtite មានពណ៌បៃតងក្រម៉ៅ និងមិនថ្លានោះឡើយ។

គួរជម្រាបថា អណ្តូងរ៉ែដែលសារធាតុរ៉ែខាងលើ ត្រូវបានរកឃើញ មានឈ្មោះថា Koffiefontein ស្ថិតនៅខេត្ត Free State នៃ​ប្រទេសអាហ្វ្រិកខាងត្បូង៕