(ម៉ូស្គូ)៖ សមាជិកព្រឹទ្ធសភាហៃទី លោក ហ្ស៊ាន ម៉ារៀ រ៉ាល់ ហ្វេធី (Jean Marie Ralph Fethiere) ដែលបានដកកាំភ្លើងខ្លីមួយដើម រួចបាញ់នៅខាងក្រៅអគារសភាជាតិនៃប្រទេសហៃទី បានអះអាងថា អ្វីដែលលោកបានធ្វើគ្រាន់តែជាសកម្មភាពការពារខ្លួនឯងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

លោក Fethiere បានដកកាំភ្លើងខ្លីបាញ់នៅខាងក្រៅសភាជាតិ ក្នុងរដ្ឋធានីព័រអូព្រីន (Por-au-Prince) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) កំឡុងពេលក្រុមបាតុករជាច្រើននាក់ ព្យាយាមសម្រុកចូលក្នុងអគារសភាជាតិ ខណៈរដ្ឋាភិបាលហៃទីកំពុងស្វែះស្វែងតែងតាំងលោក ហ្វ្រៃត៍ វីលៀម មីឈែល (Fritz-William Michel) ជានាយករដ្ឋមន្ត្រីហៃទីថ្មី។

ថ្លែងប្រាប់សារព័ត៌មាន The Guardian លោក Fethiere បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានរងការវាយប្រហារពីមនុស្សហិង្សាមួយក្រុម ដោយពួកគេព្យាយាមទាញខ្ញុំចេញពីរថយន្ដរបស់ខ្ញុំ... ដូច្នេះខ្ញុំត្រូវតែការពារខ្លួនឯង ហើយការការពារខ្លួនឯងដែលជាសិទ្ធិស្របច្បាប់»

គួរបញ្ជាក់ថា ការបាញ់កាំភ្លើងរបស់លោក Fethiere បានបណ្ដាលឱ្យមនុស្សបីនាក់រងរបួស ក្នុងនោះរួមមានអ្នកសារព័ត៌មាន AP, មន្ត្រីសន្តិសុខ និងអ្នកបើកបរម្នាក់។ ដោយឡែកបច្ចុប្បន្ន ស្ថានភាពនៅក្នុងប្រទេសហៃទី នៅតែបន្តមានភាពតានតឹងនៅឡើយ ដោយបាតុកម្មតវ៉ារបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ជុំវិញបញ្ហាកង្វះប្រេងឥន្ធនៈ និងទំនិញឡើងថ្លៃបន្តកើតមានពាសពេញប្រទេសអាមេរិកកណ្តាលមួយនេះ៕