(បរទេស)៖ ប្រទេសធំៗទាំងបីនៅអឺរ៉ុបគឺបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស នាថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសរួមគ្នាថា អ៊ីរ៉ង់ពិតជាអ្នកដែលស្ថិតនៅពីក្រោយ ការវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា នោះប្រាកដមែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធីបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Jonhson) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា «ពួកយើងថ្កោលទោស ចំពោះការវាយប្រហារលើមូលដ្ឋានប្រេង លើទឹកដីអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៤ ខែកញ្ញា នៅតំបន់ អាប់កេក (Abqaiq) និង ឃួរ៉េស (Khurais) ហើយយើងឈរនៅខាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជានិច្ច។ សម្រាប់ពួកវាយើង វាច្បាស់ណាស់ថា អ៊ីរ៉ង់គឺជាអ្នកប្រព្រឹត្តសកម្មភាពវាយប្រហារនេះ ព្រោះវាពុំមានការពន្យល់បកស្រាយណាផ្សេងទៀត ដែលអាចទៅរួចនោះឡើយ »

បើតាមរដ្ឋមន្រ្តីការបរទេស បារាំង លោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) ប្រទេសទាំងបី ក៏នឹងជជែកគ្នាពីស្ថានការណ៍ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅមហាសន្និបាតនៃអង្គការសហប្រជាតិ ក្នុងទីក្រុងញូយ៉ក ផងដែរ។

គួរជម្រាបថា ពាក់ព័ន្ធនឹងករណីវាយប្រហារខាងលើ សហរដ្ឋអាមេរិកវិញបានដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ និងបានសម្រេចបញ្ជូនកងទ័ព និងសព្វាវុធបន្ថែម ទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែចង់បង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា និងកំពុងយកករណីវាយប្រហារនេះ ធ្វើជាលេសដើម្បីស្វែងរកកិច្ចព្រមព្រៀងទំហំរាប់ពាន់លានដុល្លារ ព្រមទាំងដើម្បីរក្សាវត្តមានខ្លួនជាអចិន្រ្តៃយ៍នៅមជ្ឈិមបូព៌ា៕