(ប៉េកាំង)៖ សហរដ្ឋអាមេរិក និងចិន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងសម័យសង្រ្គាមត្រជាក់ថ្មីមួយ ដែល អាចនឹងពិបាកដោះស្រាយជាងភាពជាប់គាំងដល់ទៅជាង៤០ឆ្នាំ នៃទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ទៅទៀត។ នេះបើតាមអតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងប៉េកាំង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ អតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុង ប៉េកាំង លោក Max Baucus បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាសហរដ្ឋអាមេរិក និងចិនកំពុងធ្វើសង្រ្គាម ត្រជាក់ក្នុងយុគសម័យថ្មីមួយ ...ហើយដែលសង្រ្គាមនេះអាចនឹងពិបាកដោះស្រាយជាងសម័យសង្រ្គាម ត្រជាក់រវាងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក ទៅទៀត»

លោក Baucus បន្ថែមថាបញ្ហាដ៏ធំរវាងមហាអំណាចទាំងពីរ គឺការមិនទុកចិត្តគ្នាទៅវិញទៅមក។ តែទោះជាយ៉ាងនេះក្ដី លោកក៏បានសង្កត់ធ្ងន់ដែរថាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចធ្វើការ ងាររួមគ្នាលើបញ្ហាមួយចំនួនដូចជា បម្រែបម្រួលអាកាសធាតុសកលលោក និងសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើងជាដើម។

គួរបញ្ជាក់ថា លោក Max Baucus ធ្លាប់កាន់តំណែងជាអតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងប៉េកាំង ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧៕