(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនបានបន្តសម្រេចជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបប្រាប់ទីតាំងហៅថា BeiDou Navigation Satellite System (BDS) ឡើងទៅកាន់ទីអវកាស។

២៖ យ៉ាងហោចណាស់ជនស្លូតត្រង់ ៣៥នាក់បានបាត់បង់ជីវិត និង ១៣នាក់ទៀតរងរបួស បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន បានលុកលុយចូល ពីធីមង្គលការមួយ ក្នុងគោលបំណងឆ្ពោះទៅកម្ទេចសំបុកក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលស្ថិតនៅក្បែរទីតាំងរៀបមង្គលការនោះដែរ។

៣៖ ចិននឹងផ្សាភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ ជាមួយប្រទេសគីរីបាទី (Kiribati) បន្ទាប់ពីប្រទេសដីកោះនៅប៉ាស៊ីហ្វិក មួយនេះ បានសម្រេចបោះបង់ចោលកោះតៃវ៉ាន់ ហើយងាកមកទទួលស្គាល់ប្រទេសចិនជាថ្មីវិញ។

៤៖ មនុស្សម្នានៅក្នុងស្ថានីយរថភ្លើង នៃអាកាសយានដ្ឋានមែឆេស្ទឺរ (Manchester) របស់ចក្រភពអង់គ្លេស ត្រូវបានជម្លៀសចេញជាបន្ទាន់ ក្រោយមានការប្រទះឃើញកញ្ចប់មួយ ដែលគេសង្ស័យថាជាគ្រាប់បែកបង្កៃ។

៥៖ ខណៈដែលទ័ពបន្ថែមរបស់សហរដ្ឋអាមេរិក ទើបតែបញ្ជូនទៅកាន់អារ៉ាប៊ីសាអូឌីតនោះទីក្រុងវ៉ាស៊ីនតោននៅតែបន្តការពារ ជំហររបស់ខ្លួន ដោយចង់ធ្វើការដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់តាមរយៈការទូត ហើយករណីនេះនឹងត្រូវលើកទៅ តតាំងគ្នានៅអង្គការសហប្រជាជាតិ (UN) នៅក្នុងសប្តាហ៍នេះហើយ។

៦៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei នាថ្ងៃចន្ទនេះ បាននិយាយថា ទីក្រុងហេរ៉ង់បានបញ្ចប់ជាស្ថាពរនូវ នីតីវិធីច្បាប់នានា ដែលចាំបាច់សម្រាប់ការដោះលែងកប៉ាល់ដឹកប្រេងឈ្មោះ Stena Impero ដែលដោតទង់ជាតិអង់គ្លេស ដូច្នេះ កប៉ាល់នេះមានសិទ្ធិអាចចាកចេញពីអ៊ីរ៉ង់បានហើយ។