(តេហេរ៉ង់)៖ យោធាអ៊ីរ៉ង់ បានយកបំណែកខ្មោចយន្ដហោះដ្រូនស៊ើបការណ៍សំងាត់មួយគ្រឿងរបស់សហរដ្ឋអាមេរិកដែលខ្លួនបាញ់ទម្លាក់ យកមកដាក់តាំងបង្ហាញ ក្នុងពិធីតាំងពិព័រណ៍មួយកាលពីចុងសប្ដាហ៍ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ពិធិតាំងពិព័រណ៍ខាងលើ ធ្វើឡើងចំពេលដែលមានការព្រួយបារម្ភជាច្រើនពីលទ្ធភាពនៃការជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិក ចោទថាអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារដោយ យន្ដហោះដ្រូនលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត។ ដោយឡែក ជាការសម្ញែងសមត្ថភាព យោធាអ៊ីរ៉ង់ បានដាក់តាំងបង្ហាញបំណែកយន្ដហោះដ្រូនអាមេរិក MQ-4C ដែលខ្លួនបានបាញ់ទម្លាក់ កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅ។ ប៉ុន្តែ យោធាអាមេរិក ធ្លាប់បានអះអាងថាយន្ដហោះដ្រូនត្រូវបានបាញ់ទម្លាក់នោះគឺជា ប្រភេទ RQ-4 Global Hawk។

គួរបញ្ជាក់ថា ក្រៅតែពីបង្ហាញបំណែកយន្ដហោះដ្រូនអាមេរិក អ៊ីរ៉ង់ក៏បានដាក់តាំងបង្ហាញប្រព័ន្ធមីស៊ីល និងគ្រាប់មីស៊ីល ដែលត្រូវបានប្រើប្រាស់ក្នុងការបាញ់ទម្លាក់យន្ដហោះដ្រូននេះដែរ នោះគឺប្រព័ន្ធមីស៊ីលស៊េរីថ្មី Khordad-3 ដែលរចនាឡើងដើម្បីប្រឆាំងយន្ដហោះដ្រូនស៊ើបការណ៍៕