(ប៉េកាំង)៖ ចិនបានបន្តសម្រេចជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបប្រាប់ទីតាំងហៅថា BeiDou Navigation Satellite System (BDS) ឡើងទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀល ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីវេលាព្រឹកថ្ងៃចន្ទនេះ ផ្កាយរណប BeiDou ចំនួន០២គ្រឿងថ្មី ត្រូវបានបញ្ជូនឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-3B ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ប្រទេសចិន ហើយផ្កាយរណបទាំងពីរបានទៅ ដល់ទីតាំងដែលបានកំណត់ទុកដោយជោគជ័យ។

ពួកវាដែលជាសមាជិកទី៤៧ និងទី៤៨ នៃគ្រួសារផ្កាយរណប BeiDou ព្រមទាំងគ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March ត្រូវបាន អភិវឌ្ឍឡើងដោយបណ្ឌិត្យសភាផ្នែកបច្ចេកវិទ្យាអវកាស និងបណ្ឌិត្យសភាជំនាញខាងគ្រាប់រ៉ុក្កែតចិន ដែលស្ថិតនៅក្រោម ក្រុមហ៊ុនបច្ចេកវិទ្យា-វិទ្យាសាស្រ្តផ្នែកអាកាសវេហាររបស់ប្រទេសចិន។

គួរជម្រាបថា នៅឆ្នាំ២០២០ ចិននឹងទទួលបានបណ្តាញផ្កាយរណប BDS ពេញលេញមួយ ដែលហ៊ុមព័ន្ធជុំវិញពិភពលោក សម្រាប់ បម្រើដល់ការប្រាប់អំពីទីតាំងភូមិសាស្រ្តនៅលើភពផែនដី ដែលមានតួនាទីដូចប្រព័ន្ធផ្កាយរណប GPS របស់អាមេរិក និងប្រព័ន្ធ Galileo របស់សហភាពអឺរ៉ុបដែរ៕