(ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់ផ្នែកកសិកម្មរបស់ចិន លោក Han Jun បាននិយាយថា ប្រទេសលោកពុំបានលុបចោលគម្រោងទស្សន​កិច្ចទៅកាន់កសិដ្ឋាននៅសហរដ្ឋអាមេរិក ដោយសារតែបញ្ហាប្រឈមនៅក្នុងដំណើរការចរចាពាណិជ្ជកម្មជាមួយអាមេរិកឡើយ​​ខណៈផ្ទុយទៅវិញកិច្ចពិភាក្សាកាលសប្តាហ៍មុន ដែលមានគោលដៅត្រៀមសម្រាប់ការបើកកិច្ចចរចាជាន់ខ្ពស់ជុំថ្មី នៅខែក្រោយ​នោះ បានទទួលបានលទ្ធផលយ៉ាងប្រសើរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្រ្តីចិនបានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់កសិដ្ឋានក្នុងរដ្ឋ Montana និង Nebraska របស់អាមេរិក បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សារយៈពេល០២ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន ខណៈទស្សនកិច្ចនោះ ត្រូវប្រព្រឹត្តទៅក្នុង​សប្តាហ៍នេះ។ ប្រការនេះក៏បានបង្កឲ្យមានការក្តីព្រួយបារម្ភថែមទៀត ជុំវិញកិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិក។

នាពេលនេះលោក Han Jun បានចេញមុខលើកឡើងថា កិច្ចពិភាក្សាត្រៀមជាមួយភាគីអាមេរិកកាលពីសប្តាហ៍មុន បានប្រព្រឹត្ត​ទៅយ៉ាងប្រសើរ សម្រាប់ការរៀបចំដើម្បីឈានទៅរកការបើកកិច្ចចរចាជាន់ខ្ពស់ជុំថ្មីស្តីពីបញ្ហាសង្រ្គាមពាណិជ្ជកម្ម នៅដើមខែតុលា​ខាងមុខនេះ។ យោងតាម​លោក Han Jun ភាគីទាំងពីរជជែកគ្នាយ៉ាងហ្មត់ចត់និងដោយត្រង់ៗ ហើយក៏ទទួលបានលទ្ធផលល្អក្នុងវិស័យកសិកម្មផងដែរ។

ជាចុងក្រោយមន្រ្តីចិនរូបនេះ បានគូសបញ្ជាក់ថា គម្រោងទស្សនកិច្ចទៅកាន់កសិដ្ឋានរបស់អាមេរិកនោះ ត្រូវបានគ្រោងឡើង​ដាច់ដោយឡែកពីកិច្ចពិភាក្សាកាលពីសប្តាហ៍មុន ខណៈភាគីអាមេរិកបាននិយាយថា នឹងធ្វើការអញ្ជើញជាថ្មីម្តងទៀតនាពេល​ក្រោយ។ លោក Han Jun បានបន្ថែមថា ប្រទេសចិនស្ម័គ្រនឹងបន្តពង្រីកការធ្វើពាណិជ្ជកម្មពាក់ព័ន្ធវិស័យកសិកម្មរវាងប្រទេស​ទាំងពីរ ហើយបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះកាន់តែស៊ីជម្រៅជាងមុនថែមទៀត៕