(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក ស៊ឺហ្គៃ សយហ្គូ (Sergey Shoigu) បាននិយាយថា ទីណាក៏ដោយឱ្យតែមានវត្តមានលទ្ធិប្រជាធិបតេយ្យស្ដង់ដារអាមេរិក ទីនោះតែងតែទទួលរងការបំផ្លិចបំផ្លាញ ខណៈរហូតមកទល់បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោននៅតែចូលចិត្តធ្វើអន្តរាគមន៍យោធា ដោយប្រើលេសការពារប្រជាជន និងលទ្ធិប្រជាធិបតេយ្យទៅក្នុងប្រទេសនានា ដែលជាគោលដៅរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នំា២០១៩។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកកាលពីថ្ងៃអាទិត្យ លោក Sergey Shoigu បានលើកឡើងពីប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី គឺជាឧទាហរណ៍ជាក់ស្ដែង ដើម្បីការពារការអះអាងរបស់លោក។ លោក Shoigu បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសណាក៏ដោយឱ្យតែពួកគេ (សហរដ្ឋអាមេរិក) ដឹកលទ្ធិប្រជាធិបតេយ្យរាប់តោនយកមកចាក់ចោល តើប្រជាធិបតេយ្យនោះនាំមកនូវការរីកចម្រើនមែន ឬទេ? បើសិនជារីកចម្រើនមែន តើអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ឬក៏ស៊ីរី ដើរដល់ណាហើយ?។ ប៉ុន្តែអ្វីដែលយើងដឹងក្រោយអន្តរាគម៍របស់សហរដ្ឋអាមេរិក ប្រទេសទាំងនេះបាត់បង់អស់អធិបតេយ្យភាព និងឯករាជ្យ»។

គួរជម្រាបថា បើតាមលោក Sergey Shoigu សព្វថ្ងៃសហរដ្ឋអាមេរិកហាក់ដូចជាមិនទាន់បាត់ បង់ចំណង់បំផ្លាញប្រទេសដទៃទៀតឡើយ ជាពិសេសតាមរយៈអន្តរាគមន៍យោធា និងមធ្យោបាយជាច្រើនទៀត។ សម្រាប់ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីពេលនេះ បានកើតមានឡើងចំពេលដែលអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រឈមមុខបញ្ហាធំជាមួយអាមេរិក ពាក់ព័ន្ធនឹងការវាយប្រហារលើ​ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត ដែលសហរដ្ឋអាមេរិកចោទថា ជាទង្វើរបស់ប្រទេសអ៊ីរ៉ង់ ហើយតំបន់មជ្ឈិមបូព៌ាទាំងមូល ក៏កំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃសង្គ្រាមផងដែរ៕