(បរទេស)៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ព្រឹត្តិការណ៍អន្តរជាតិឈ្មោះថា World Car Free Day (ទិវាគ្មានរថយន្ត) ត្រូវបានរៀបចំឡើងនៅតាមទីក្រុង និងប្រទេសមួយចំនួនជាពិសេសនៅតំបន់អឺរ៉ុបតែម្តង ចំពោះមុខការព្រមានពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកំពុងផ្ទុះឡើងជាថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍ខាងលើដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា មានគោលដៅជំរុញឲ្យអ្នកធ្វើដំណើរដោយយានជំនិះផ្ទាល់ខ្លួន បោះបង់ចោលការប្រើប្រាស់រថយន្តរបស់ពួកគេ «សម្រាប់រយៈពេលមួយថ្ងៃ» ហើយងាកទៅធ្វើដំណើរថ្មើជើង ឬជិះកង់ជាដើមវិញនៅក្នុងទីក្រុងរបស់ពួកគេ។ សម្រាប់ឆ្នាំនេះវាត្រូវបានរៀបចំឡើងនៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក និងនៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសជាដើម។

គួរជម្រាបថា ក្នុងមួយឆ្នាំៗព្រឹត្តិការណ៍ World Car Free Day ត្រូវបានរៀបចំឡើងនៅតាមទីក្រុងផ្សេងៗជុំវិញពិភពលោក ក្នុងរបៀបខុសគ្នាបន្តិចបន្តួច ដោយខ្លះនៅអនុញ្ញាតឲ្យមានការប្រើប្រាស់រថយន្តក្រុង និងរថភ្លើងជាដើម សម្រាប់ធ្វើដំណើរក្នុងទីក្រុង ក៏ប៉ុន្តែវាមានគោលដៅរួមមួយ នោញគឺការចូលរួមកាត់បន្ថយចំនួនរថយន្តផ្ទាល់ខ្លួន នៅលើដងផ្លូវនាថ្ងៃនោះ។

សម្រាប់ថ្ងៃប្រារព្ធទិវា Car Free Day នេះវានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ហើយវាក៏ជាការបំផុសឲ្យប្រទេសកាន់តែច្រើន អនុវត្តតាមផងដែរ ដើម្បីរួមចំណែកអភិរក្សបរិស្ថានភពផែនដី តាមអ្វីដែលយើងអាចធ្វើបាន។ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានព្រមាន តាមរយៈលទ្ធផលសិក្សាថ្មីរបស់ពួកគេថា ភពផែនដីនឹងកើនឡើងកម្តៅលើសការរំពឹងទុកពីមុន បើសិនជាទង្វើបំពុលបរិយាកាសដូចសព្វថ្ងៃ មិនត្រូវបានកាត់បន្ថយទេនោះ៕