(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Wall Street Journal នាថ្ងៃអាទិត្យបានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ីបានរកឃើញថា កំហុសឆ្គងផ្នែករចនារបស់យន្តហោះផ្ទាល់ ព្រមទាំងការធ្វេសប្រហែសរបស់អាជ្ញាធរអាកាសចរណ៍អាមេរិក បានក្លាយជាមូលហេតុចម្បង ដែលនាំឲ្យករណីធ្លាក់យន្តហោះ Boeing 737 MAX កាលពីខែតុលា ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ការសន្និដ្ឋាននៃសេចក្តីព្រាងរបាយការណ៍ខាងលើ ដែលត្រូវបានដកស្រង់យកមកចុះផ្សាយត្រូវគេរំពឹងថា នឹងជារបាយការណ៍ផ្លូវការលើកដំបូងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ Boeing 737 MAX របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air នៅលើសមុទ្រជ្វា ដែលបានផ្តាច់ជីវិតមនុស្សទាំងអស់ដែលធ្វើដំណើរលើនោះគឺ ១៨៩នាក់។ ក្រៅពីកត្តាទាំងពីរខាងលើ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី ក៏បានរកឃើញនូវកត្តាខុសឆ្គងរបស់ពីឡុត និងបញ្ហានៃការពិនិត្យថែទាំយន្តហោះផងដែរ ដែលមានជាប់ពាក់ព័ន្ធក្នុងករណីធ្លាក់យន្តហោះនេះ។

អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing មិនបានបញ្ចេញមតិអ្វី ទាក់ទិនសេចក្តីរាយការណ៍ព័ត៌មានរបស់ Wall Street Journal ឡើយ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបន្តផ្តល់ការគាំទ្រដល់ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី ខណៈដែលពួកគេកំពុងព្យាយាមបញ្ចប់ការធ្វើរបាយការណ៍របស់ខ្លួន។ រីឯអាជ្ញាធរអាកាសចរណ៍អាមេរិក FAA វិញបានសម្តែងការស្វាគមន៍ ចំពោះការរិះគន់ផ្សេងៗពីក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពអាកាសចរណ៍ និងកំពុងទន្ទឹងរង់ចាំលទ្ធផលស៊ើបអង្កេតរបស់ពួកគេ។

គួរជម្រាបថា យន្តហោះប្រភេទ 737 MAX របស់ Boeing ត្រូវបានបន្តបញ្ឈរជើង តាំងតែពីខែមីនា ឆ្នាំ២០១៩នេះ ក្រោយកើតមាន ករណីធ្លាក់យន្តហោះនេះមួយគ្រឿងទៀតនៅប្រទេសអេត្យូពី ដែលផ្តាច់ជីវិតមនុស្សមួយយន្តហោះដូចគ្នានឹងករណីនៅឥណ្ឌូណេស៊ីដែរ។ ទាំងពីរករណីធំៗនេះ បានធ្វើឲ្យកក្រើកវិស័យអាកាសចរណ៍អន្តរជាតិនៅឆ្នាំ២០១៩ រហូតដល់យន្តហោះប្រភេទ 737 MAX ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន Boeing ត្រូវបង្ខំឲ្យផ្អាកចរាចរណ៍ទាំងអស់ នៅទូទាំងពិភពលោក ដើម្បីរង់ចាំការពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញ ដោយអាជ្ញាធរអាមេរិក និង Boeing៕