(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកប្រហែលជាមានកញ្ចប់ថវិកាយោធាច្រើនជាងរុស្ស៊ី ដើម្បីអភិវឌ្ឍ ឬផលិតនាវាផ្ទុកយន្ដហោះចម្បាំង។ ប៉ុន្តែវាមិនមែនជាបញ្ហាចោទអ្វីឡើយ ខណៈយោធារុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ជាមួយការអភិវឌ្ឍអាវុធដែលមានសមត្ថភាពបាញ់ ពន្លិចវានាផ្ទុកយន្ដហោះចម្បាំងនោះបាន។ នេះជាសម្ដីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergey Shoigu) ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកនាពេលថ្មីៗនេះ និងចំពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក ក្រោយដកខ្លួនចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ INF រៀងៗខ្លួនកាលពីសីហាកន្លងទៅ។

ជុំវិញការឈានទៅរកចេតនារត់ប្រណាំងសព្វាវុធជាថ្មី រវាងមហាយក្សយោធាទាំងពីរ លោក Shoigu បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានចំណាយលុយយ៉ាងច្រើន សន្ធឹកសន្ធាប់ដើម្បីផលិត និងអភិវឌ្ឍនាវាផ្ទុកយន្ដហោះចម្បាំង... ហើយយើងមិនត្រូវបង្កើនការ ផលិតនាវាផ្ទុកយន្ដហោះចម្បាំងនោះទេ។ ប៉ុន្តែយើងត្រូវការអាវុធដែលអាច់បាញ់ពន្លិច នាវាផ្ទុកយន្ដហោះចម្បាំងរបស់សត្រូវ ក្នុងករណីដែលប្រទេសរបស់យើងរងការវាយប្រហារ»

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ ស្តុកហូម (Stockholm) រុស្ស៊ីឈរនៅលេខរៀងទី ៦ប៉ុណ្ណោះក្នុងនាមជាប្រទេសមានកញ្ចប់ថវិកាយោធា ច្រើនជាងគេនៅលើពិភពលោកកាលពី ឆ្នាំ២០១៨ ដោយឈរពីក្រោយសហរដ្ឋអាមេរិក ចិន អារ៉ាប៊ីសាអូឌីត ឥណ្ឌា និងបារាំង ប៉ុន្តែរុស្ស៊ីជាប្រទេសមហាអំណាចយោធាលេខ ២ លើលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដោយយោងលើសក្តានុពលគ្រប់យ៉ាងលើវិស័យយោធា ដែលខ្លួនកំពុងក្តោបក្តាប់៕