(ញូយ៉ក)៖ ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធផ្ដល់ទិដ្ឋាការ ឱ្យក្រុមប្រតិភូអ៊ីរ៉ង់មួយចំនួន ដែលត្រូវអមដំណើរលោកប្រធានាធិបតី ហាស្សាន់ រួហានី ចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបដិសេធផ្ដល់ទិដ្ឋាការ ឬ Visa សម្រាប់ក្រុមប្រតិភូអ៊ីរ៉ង់ ដែលត្រូវអមដំណើរលោក ប្រធានាធិបតី គឺជាទង្វើប្រឆាំងនឹងកាតព្វកិច្ចការទូត... កាតព្វកិច្ចការទូតដែលសហរដ្ឋអាមេរិក ត្រូវធានាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសហរដ្ឋអាមេរិកបានចេញទិដ្ឋាការដល់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន់ រូហានី និងរដ្ឋមន្ត្រីការបរទេសលោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) ដើម្បីមកចូលរួមក្នុងកិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅបុរីញូយ៉ក ដែលនឹងចាប់ផ្ដើមនៅ ថ្ងៃទី២៤ ខែកញ្ញានេះ។

ដោយឡែកសហរដ្ឋអាមេរិក មិនទាន់ធ្វើការបកស្រាយណាមួយឡើយ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ៊ីរ៉ង់ខាងលើនេះ ខណៈប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងភាពតានតឹងខ្លាំង ក្រោយផ្ទុះការវាយប្រហារលើក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត អារ៉ាមកូ (Aramco)៕