(វ៉ាស៊ីនតោន)៖ ខណៈដែលទ័ពបន្ថែមរបស់សហរដ្ឋអាមេរិក ទើបតែបញ្ជូនទៅកាន់អារ៉ាប៊ីសាអូឌីតនោះ ទីក្រុងវ៉ាស៊ីនតោននៅតែបន្តការពារជំហររបស់ខ្លួន ដោយចង់ធ្វើការដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់តាមរយៈការទូត ហើយករណីនេះនឹងត្រូវលើកទៅ តតាំងគ្នានៅអង្គការសហប្រជាជាតិ (UN) នៅក្នុងសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្រោយការវាយប្រហារលើក្រុមហ៊ុនប្រេង អារ៉ាមកូ (Aramco) របស់អារ៉ាប៊ីសាអូឌីត និងការចោទប្រកាន់ចំៗលើអ៊ីរ៉ង់ថា ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារនេះ បានធ្វើឲ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា ប្រែទៅជាក្តៅគគុកខ្លាំងបំផុត ជាងកាលពីយន្តហោះដ្រូនរបស់អាមេរិក ត្រូវអ៊ីរ៉ង់បាញ់ទម្លាក់នៅច្រកសមុទ្រហ័រមូស (Hormuz) នោះទៅទៀត។ ប្រការនេះបាននាំឲ្យប្រទេសនានាភ័យខ្លាចសហរដ្ឋអាមេរិក ប្រើលេសនេះ ដើម្បីវាយប្រហារដោយយោធាលើអ៊ីរ៉ង់ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីសប្តាហ៍មុននេះថា ការប្រើទ័ពលើអ៊ីរ៉ង់ជារឿងងាយ ប៉ុន្តែលោកនឹងមិនបង្កសង្គ្រាមដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធខាតបង់ប្រយោជន៍នោះឡើយ។

ដោយឡែកតាមរយៈកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) តំណាងឲ្យលោក ដូណាល់ ត្រាំ បានបន្ថយកម្តៅជុំវិញលទ្ធភាពដែលអាមេរិក អាចប្រើទ័ពវាយប្រហារអ៊ីរ៉ង់។ លោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ និងខ្ញុំសុទ្ធតែចង់ផ្តល់ឱកាសគ្រប់យ៉ាង ដើម្បីឲ្យការដោះស្រាយបញ្ហាតាមផ្លូវទូតសម្រេចបានលទ្ធផល... រដ្ឋបាលរបស់យើងកំពុង តែគិតគូរខ្លាំងណាស់លើមធ្យោបាយនេះ និងកំពុងតែព្យាយាមសម្រេចជោគជ័យឲ្យបាន តាមរយៈការទូត...»

ទោះបីជាបែបនេះក្តី លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា «បើវាមិនបានជោគជ័យ ហើយអ៊ីរ៉ង់នៅតែបន្តធ្វើការវាយប្រហារបែបនេះទៀតនោះ ខ្ញុំជឿជាក់ថាលោក ដូណាល់ ត្រាំ នឹងធ្វើការសម្រេចចិត្តណាមួយដែលអាចទៅរួច ដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់យើង»។ ចាប់តាំងពីការចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកវាយប្រហារក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតនោះ សហរដ្ឋអាមេរិក បានប្រកាសដាក់ ទណ្ឌកម្ម លើធានាគារកណ្តាលអ៊ីរ៉ង់រួចហើយ៕