(វ៉ាស៊ីនតោន)៖ នាវាពិឃាតអាមេរិកឈ្មោះ USS Nitze ដែលមានបំពាក់មីស៊ីលជាច្រើនប្រភេទ ត្រូវបានចល័តទៅកាន់ដែនទឹក នៅភាគឦសាននៃឆ្នេររបស់អារ៉ាប៊ីសាអូឌីត ខណៈសហរដ្ឋអាមេរិកបានសម្រេចជួយសម្ព័ន្ធមិត្តរបស់ខ្លួនពង្រឹងសមត្ថភាពនៃ​ការការពារដែនអាកាស បន្ទាប់ពីមានការវាយប្រហារលើមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលប្រទេសទាំងពីរបានចោទ​អ៊ីរ៉ង់ថាជាអ្នកប្រព្រឹត្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩។

ដោយសម្អាងលើហេតុផលនៃការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ាដែលបង្កឡើងដោយអ៊ីរ៉ង់ ក្រសួងការពារជាតិអាមេរិក បានប្រកាសបញ្ជូនកងទ័ពបន្ថែម និងសព្វាវុធដទៃៗទៀតទៅកាន់តំបន់ឈូងសមុទ្រពែក។ យោងតាមក្រុមមន្រ្តីយោធាអាមេរិក ការចល័តនេះនឹងធ្វើឡើងដោយមានកំហិតត្រឹមត្រូវ ហើយនៅក្នុងន័យការពារសុទ្ធសាធ មិនមែនដើម្បីទៅវាយប្រហារប្រទេស​ណាមួយឡើយ។

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា នាវាពិឃាតអាមេរិកមួយគ្រឿង គឺ USS Nitze ត្រូវបានបញ្ជូនឲ្យទៅធ្វើប្រតិបត្តិការសាជាថ្មីនៅតំបន់ឈូងសមុទ្រពែក ពោលគឺនៅភាគឦសានអារ៉ាប៊ីសាអូឌីត ដើម្បីជួយការពារ​ដែនអាកាសរបស់សម្ព័ន្ធមិត្តខ្លួន ដែលបានរងការវាយប្រហារកាលពីសប្តាហ៍មុន ខណៈនាវាចម្បាំងនោះល្បីឈ្មោះខាងការពារ​ដែនអាកាសស្រាប់ ប៉ុន្តែវាក៏មានផ្ទុកមីស៊ីល Tomahawk ដែលជាប្រភេទសម្រាប់វាយប្រហារលើគោលដៅលើផ្ទៃដីផងដែរ​។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មូលដ្ឋានចំនួនពីរកន្លែងរបស់ក្រុមហ៊ុនប្រេង Aramco នៅភាគខាងកើតអារ៉ាប៊ីសាអូឌីត បានឆាបឆេះដោយសារការវាយប្រហារ។ ខណៈក្រុមឧទ្ទាម Houthi នៅយេម៉ែន បានចេញមុខប្រកាសថា វាជាទង្វើរបស់ពួកគេ អារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិកបានចោទប្រកាន់លើអ៊ីរ៉ង់។ រីឯអ៊ីរ៉ង់បានច្រានចោលថា វាគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន៕

Advertising