(វ៉ាស៊ីនតោន)៖ មនុស្ស២នាក់បានបាត់បង់ជីវិត និង៩នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនាចុងសប្តាហ៍នេះ នៅឯរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ដែលស្ថិតក្នុងភាគខាងកើតសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ​ ចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩។

អាជ្ញាធរអាមេរិកក្នុងតំបន់កើតហេតុបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើង នៅក្លឹបរាត្រីឈ្មោះថា Old Skool Sports Bar & Grill ដោយមនុស្ស១០នាក់ត្រូវបានគេបាញ់ត្រូវ ហើយក្នុងនោះ២នាក់ជាបុរសបានបាត់បង់ជីវិត ខណៈអ្នករងរបួសចំនួន៤នាក់ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ និង៤នាក់ទៀតកំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ។ សម្រាប់ជនរងគ្រោះទី១១វិញ គឺបានរងរបួសស្រាល ដោយសារដួលពេលព្យាយាមគេចខ្លួនតែប៉ុណ្ណោះ។

គួរជម្រាបថា ប៉ូលិសអាមេរិកមិនទាន់ចាប់ខ្លួនឬក៏កំណត់អត្តសញ្ញាណជនសង្ស័យបាននៅឡើយទេ តែកំពុងតែធ្វើការស៊ើបសួរ​សាក្សី។ ក្លឹបកម្សាន្តពេលរាត្រីខាងលើ ស្ថិតនៅទីក្រុង Lancaster នៃរដ្ឋ South Carolina៕

Advertising