(រីយ៉ាដ)៖ កាលពីសប្តាហ៍មុន ស្ថានីយ៍ចម្រាញ់ប្រេងពីរកន្លែង របស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco ដែលស្ថិតនៅភាគខាងកើតប្រទេសបានទទួលរងការឆាបឆេះបង្កឡើងដោយការវាយប្រហារពី យន្តហោះដ្រូន។ ក្រោយការវាយប្រហារនេះ ផលិតកម្មប្រេងរបស់ក្រុមហ៊ុន Aramco បានធ្លាក់ចុះរហូតដល់ ជិតពាក់កណ្តាល។ ការណ៍នេះ បានធ្វើឲ្យពិភពលោក កើតក្តីបារម្ភយ៉ាងខ្លាំង។ កើតក្តីបារម្ភ ក៏ព្រោះថាវាបានធ្វើឲ្យបះពាល់យ៉ាង ខ្លាំង ដល់តម្លៃទីផ្សារប្រេងឆៅពិភពលោក។ ដូច្នេះ តើ Aramco មានឥទ្ធិពលប៉ុណ្ណាមកលើទីផ្សារប្រេងឆៅ របស់ពិភពលោក?

* ប្រវត្តិនៃក្រុមហ៊ុន «អារ៉ាមកូ-អារ៉ាបីសាអ៊ូឌីត»

នៅដើមទសវត្សឆ្នាំ ១៩៣០ ក្រុមហ៊ុនប្រេងអាមេរិក បានចាប់ផ្តើមមកចរចាជាមួយរដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីត ដើម្បីទទួលបានសិទ្ធិរុករកប្រេងនៅក្នុងប្រទេសនេះបន្ទាប់ពីបានរកឃើញអណ្តូងប្រេងនៅប្រទេសបារ៉ែនដែល ជាប្រទេសជិតខាង។ ក្រុមហ៊ុនមួយ បានទទួលសម្បទានពេញលេញពីរដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីតសម្រាប់ ការរុករកប្រេងនៅឆ្នាំ ១៩៣៣។ ក្រុមហ៊ុននោះ ដំបូងឡើយមិនមែនមានឈ្មោះថា Aramco នោះទេ លុះរហូតដល់ឆ្នាំ ១៩៤៤ ទើបបានក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ថាជា «Aramco»។ ដោយឡែក ពាក្យថា Aramco នេះ គឺជាអក្សកាត់របស់ Arabian-American Oil Company ដែលមានន័យថា «ក្រុមហ៊ុនប្រេងអាមេរិក-អារ៉ាប់»។

អណ្តូងប្រេងដំបូងគេ ដែលក្រុមហ៊ុននេះបានរុករកឃើញ គឺស្ថិតក្នុងតំបន់ Dimam ជិតទីក្រុង Dhahran ស្ថិតនៅភាគខាងកើត នៃប្រទេសនេះ។ ហើយបាននាំចេញប្រេងជាលើកដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៣៩។

* ពីក្រុមហ៊ុនឯកជន ទៅជាក្រុមហ៊ុនរដ្ឋ?

នៅដើមទសវត្សឆ្នាំ ១៩៤០ ក្រុមហ៊ុនប្រេងអាមេរិកមួយនេះ បានចាប់ផ្តើមប្រែក្លាយបន្តិចម្តងៗទៅជាក្រុមហ៊ុន រដ្ឋវិញ ដោយបានចាប់ផ្តើមពីការប្តូរឈ្មោះក្រុមហ៊ុនរុករងប្រេងទៅជាក្រុមហ៊ុនប្រេង អាមេរិក-អារ៉ាប់វិញ នៅឆ្នាំ ១៩៤៤ ដែលហៅកាត់ថា Aramco។ ខណៈពេលនោះ Aramco បានបន្តការងាររបស់ខ្លួន និងបានពង្រីក វិសាលភាព ពីការរុករក រហូតដល់ការចម្រាញ់ និងទីផ្សារ។ ជាមួយគ្នានេះ Aramco បានចាប់ផ្តើមរកឃើញ អណ្តូងប្រេងថ្មីៗជាច្រើនកន្លែងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃផលិតកម្មប្រេង វាបានក្លាយជាការចាំបាច់សម្រាប់ក្រុមហ៊ុននេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងវិស័យចែកចាយផងដែរ។ ដូច្នេះនៅឆ្នាំ ១៩៥០ ក្រុមហ៊ុន Aramco បានសាងសងបំពង់បង្ហូរប្រេងឆ្លងកាត់ពិភពអារ៉ាប់ ទៅកាន់តំបន់អ៊ីរ៉ុប។ បំពង់បង្ហូរប្រេងនេះមានឈ្មោះថា «Tabline»។ វាមានប្រវែង ១២១២ គ.ម ដែលត្រូវបានគេចាត់ទុកថា ជាបំពង់បង្ហូរប្រេងវែងជាងគេលើលោក។

នៅឆ្នាំ ១៩៥៨ ផលិតកម្មប្រេងឆៅរបស់ក្រុមហ៊ុនអារ៉ាមកូ បានឈានលើសពី១លានបារ៉ែលក្នុងមួយថ្ងៃ។ លុះដល់ឆ្នាំ ១៩៦២ ក្រុមហ៊ុនមួយនេះ ក៏បានសម្រេចសមទ្ធិផលមួយទៀតយ៉ាងសំខាន់ គឺការសម្រេចបាននូវផលិតកម្មប្រេងឆៅចំនួន ៥ពាន់លានបារ៉ែល។

គិតត្រឹមឆ្នាំ ១៩៧៣ រដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីត បានកាន់កាប់ភាគហ៊ុនចំនួន ២៥% របស់ Aramco និងបានទិញថែមរហូតដល់ ៦០% នៅឆ្នាំបន្ទាប់។ លុះដល់ឆ្នាំ ១៩៨០ ទើបរដ្ឋាភិបាលអារ៉ាបិសាអ៊ូឌីត អាចកាន់កាប់ក្រុមយក្សមួយនេះបានទាំងស្រុង។ មួយឆ្នាំបន្ទាប់ពីក្រុមហ៊ុនមួយនេះបានធ្លាក់ក្នុងដៃរបស់ រដ្ឋទាំងស្រុង វាបានវិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ពីក្រុមហ៊ុនផលិត និងនាំចេញប្រេងទៅជាក្រុមហ៊ុនប្រេងចម្រុះ។

* ព័ត៌មានសំខាន់ៗស្តីពី Aramco

- Aramco ជាក្រុមហ៊ុនផលិត និងនាំចេញប្រេងឆៅធំលំដាប់ទីមួយលើពិភពលោក។ ក្រុមហ៊ុននេះ អាចផលិតប្រេងបាន ១២ លានប៉ារ៉ែលក្នុងមួយថ្ងៃ ដែលនេះមានន័យថា ១ បារ៉ែល ក្នុងចំណោម ៨ បារ៉ែលផ្សេងទៀត ដែលចេញទៅផ្គត់ផ្គង់ទីផ្សាររបស់ពីភពលោក គឺជារបស់ Aramco។ ពោលគឺ វាបានចូលរួម ១២.៥% នៃទន្ធផលប្រេងសរុបរបស់ពិភពលោក។

- Aramco មានកនាវាដឹកជញ្ជូនប្រេងផ្ទាល់ខ្លួន ទៅកាន់ប្រទេសទាំងអស់ នៃពិភពលោក ហើយនាវាទាំងនោះ គឺជានាវាធំលំដាប់ទី២ នាពេលបច្ចុប្បន្ននេះ។
- Aramco គ្រប់គ្រងប្រេងបម្រុងចំនួន ២៦៥ ពាន់លានបារ៉ែល (១៥% នៃធនធានបម្រុងរបស់ពិភពលោក) និងហ្គាស់បម្រុងចំនួន ២៨៨ ពាន់ពាន់លានហ្វីតគូបផងដែរ។

- Aramco មានរោងចក្រចម្រាញ់ប្រេងជាច្រើនកន្លែង ទាំងក្នុង និងក្រៅប្រទេសផងដែរ ដោយមានសមត្ថភាពចម្រាញ់សរុបប្រហែល ៤ លានបារ៉ែលក្នុងមួយថ្ងៃ។ លើសពីនោះ វាមានសាខាក្រុមហ៊ុនផលិតប្រេងឧស្សាហកម្ម និងប្រេងរំអិល ជាច្រើនកន្លែងនៅក្រៅប្រទេសផងដែរ ជាពិសេសនៅសហរដ្ឋអាមេរិក។

- ការងាររបស់ Aramco មិនមែនមានត្រឹមតែប្រេងមួយមុខទេ ពោលក្រុមហ៊ុននេះក៏ផលិត ហ្គាស LPG ផងដែរ។
- Aramco មានបុគ្គលិកបម្រើការប្រមាណ ៦៥០០០ នាក់។
- Aramco ផ្តល់ជូនបុគ្គលិករបស់ខ្លួន នូវសេវាកម្មយ៉ាងទូលំទូលាយ រួមមានដូចជាសាលារៀន មន្ទីរពេទ្យ និងតំរូវការមូលដ្ឋានផ្សេងទៀត ក៏ដូចជាកន្លែងកំសាន្ត រោងភាពយន្តជាដើម។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Aramco មានអាកាសយានដ្ឋានផ្ទាល់ខ្លួននៅសហរដ្ឋអាមេរិក សម្រាប់បុគ្គលិករបស់ខ្លួន ក៏ដូចជាយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រមួយចំនួនផងដែរ៕

ប្រែសម្រួល៖ គ្រីមទៀត (ប្រភព៖ BBC)