(តេហេរ៉ង់)៖ ប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami នៅថ្ងៃសៅរ៍នេះ បានព្រមានថា នឹងតាមកម្ទេចរាល់សត្រូវឈ្លានពានទាំងអស់ ដែលហ៊ានវាយប្រហារលើអ៊ីរ៉ង់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។

លោក Hossein Salami ធ្វើការព្រមានបែបនេះ នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍រដ្ឋ និងតែមួយ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចចិត្តបញ្ជូនកងទ័ពបន្ថែមទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយប្រកាសដាក់ទណ្ឌកម្មលើធនាគារកណ្ដាលអ៊ីរ៉ង់។ ថ្លែងនាឱកាសនោះ លោក Salami បានគូសបញ្ជាក់ដូច្នេះថា៖« យើងនឹងតាមកម្ទេចរាល់សត្រូវឈ្លានពានទាំងអស់ ដែលហ៊ានវាយប្រហារ លើអ៊ីរ៉ង់...ដូច្នេះប្រយ័ត្នខ្លួនឱ្យមែនទែន ព្រោះការវាយប្រហារលើអ៊ីរ៉ង់ ទោះស្ថិតនៅក្នុងកម្រិតណាក៏ដោយ នឹងទទួលការតបស្នងវិញយ៉ាងសក្តិសម នោះគឺទាល់តែសត្រូវរបស់យើងត្រូវបានកម្ទេចទាំងស្រុង»។

គួរបញ្ជាក់ថា ទោះមិនបានបញ្ជាក់ចំៗឈ្មោះ ប៉ុន្តែគេដឹងថាការព្រមានរបស់ លោក Hossein Salami គឺជាសារផ្ញើទៅឱ្យសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតតែម្តង ដែលកំពុងពិចារណាចាត់វិធានការឆ្លើយតប ទៅនឹងការវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ សុទ្ធតែចោទថាអ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ តែទីក្រុង តេហេរ៉ង់ បដិសេធ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ក្រុមអ្នកជំនាញមួយចំនួនកំពុងព្រួយបារម្ភខ្លាចក្រែង ភាពតានតឹងបច្ចុប្បន្នផ្ទុះទៅជាជម្លោះប្រដាប់អាវុធ បើទោះជាលោក ដូណាល់ ត្រាំ ធ្លាប់អះអាងថាមិនចង់ ឱ្យសង្រ្គាមជាមួយអ៊ីរ៉ង់ផ្ទុះឡើងក៏ដោយ៕