(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថា អាជ្ញាធរចិនបានចាប់ខ្លួនអាកាសយានិកអាមេរិកម្នាក់ ដែលបម្រើការងារឱ្យក្រុមហ៊ុនដឹកជញ្ជូនអាមេរិក FedEx កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។

អាកាសយានិកខាងលើ ដែលត្រូវបានបណ្ដាញសារព័ត៌មានអាមេរិកនានា បញ្ជាក់អត្តសញ្ញាណថា ជាអតីតវីរសេនីយឯកកងទ័ពអាកាសអាមេរិក លោក ថូដ អេ ហន (Todd A. Hohn) ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរគយចិនកាលពីថ្ងៃទី១២ ខែកញ្ញា នៅឯអាកាសយានដ្ឋានអន្តរជាតិប៉ៃយុន (Baiyun) នៃខេត្តក្វាងចូវ (Guangzhou) បន្ទាប់ពីគេរកឃើញគ្រាប់កាំភ្លើងខ្យល់ (airsoft gun pellets) ចំនួន ៦៨១ប្រអប់ នៅក្នុងកាបូកដាក់ឥវ៉ាន់របស់លោក។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Todd A. Hohn ត្រូវអាជ្ញាធរចិនចាប់ខ្លួន ខណៈកំពុងសម្រាករង់ចាំជើងហោះហើរ ខាធេយដ្រាហ្គន (Cathay Dragon) ដើម្បីត្រឡប់ទៅផ្ទះរបស់លោកវិញនៅក្នុងទីក្រុងហុងកុង។ ដោយឡែកសារព័ត៌មាន South China Morning Post ក៏បានរាយការណ៍ដែរថា បច្ចុប្បន្នលោក Hohn ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ តែមិនទាន់អាចចាកចេញពីចិនដីគោកឡើយ រហូតទាល់ការស៊ើបអង្កេតបញ្ចប់ទាំងស្រុង។

គួរបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក FedEx ក៏ទំនងជាស្ថិតនៅក្នុងការឃ្លាំមើល របស់អាជ្ញាធរចិនផងដែរ ចាប់តាំងពីការចុះឈ្មោះក្រុមហ៊ុនចិនជាច្រើនជាពិសេស Huawei ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក ដែលកាលណោះទំនិញរបស់ Huawei ដែលផ្ញើទៅកាន់សហរដ្ឋអាមេរិក ត្រូវបានបង្វែឲ្យខុសគោលដៅជាដើម៕