(ឡាសវេហ្គាស)៖ ក្រុមមនុស្សម្នាមួយចំនួនបាននាំគ្នាប្រមូលផ្តុំនៅក្បែរតំបន់ បន្ទាយ Area 51 នៅពេលទៀបភ្លឺឈានចូលសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ (ពេលវេលានៅភាគខាងលិចអាមេរិក) ដើម្បីតបទៅតាមការបំផុសព្រឹត្តិការណ៍តាម Facebook ដែលប្រមូលបានអ្នកគាំទ្ររាប់លាននាក់ ប៉ុន្តែអ្នកមកជាក់ស្តែងពេលនេះ គឺមានខ្ទង់ជាង ១០នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយ CNA។

ទោះបីជាមានការប្រមូលផ្តុំគ្នា និងខ្លះមានលើកបដា ឬរូបត្លុកមនុស្សភពផ្សេង (អេលៀន) ព្រមទាំងថាសហោះ (UFO) នៅពីមុខតំបន់ហាមឃាត់នោះក្តី ប៉ុន្តែពួកគេភាគច្រើនបានឲ្យដឹងថា ពុំមានចេតនាក្នុងការទម្លាយ ចូលទៅក្នុងកន្លែងហាមឃាត់នោះឡើយ គ្រាន់តែការមកដល់ទីនេះគឺពួកគេចង់ដឹងការពិតអំពី ពាក្យចចាមអារ៉ាមរឿងមនុស្សក្រៅភព ឬថាសហោះ ដែលត្រូវបានចាប់ទុកនៅតំបន់ ៥១ នេះប៉ុណ្ណោះ។

ទោះបីជាមានការប្រមូលផ្តុំបែបកម្សាន្ត និងមានទាហានអាមេរិកចាំយាមកាម សុវត្ថិភាពទាំងម៉ោង ៣៖០០នាទីទៀបភ្លឺនេះក្តី ក៏ស្ថានការណ៍មើលទៅហាក់គ្មានសភាពតានតឹង អ្វីនោះដែរ ព្រោះក្នុងនោះក៏មានតារា YouTube និងអ្នកលេងបណ្តាញសង្គមនានាជាពិសេស Facebook បានថតបង្ហោះសកម្មភាពរបស់ពួកគេយ៉ាងសប្បាយរីករាយ ដោយអ្នកខ្លះទៀតថែមទាំងអះអាងថា វាជាពេលវេលារំភើបម្តងគត់ក្នុងមួយជីវិតទៀតផង ហើយពួកគេសូមឲ្យរដ្ឋាភិបាលអាមេរិក ដោះលែងអេលៀនឲ្យមានសេរីភាពទៀតផង។

គួរបញ្ជាក់ថា អាជ្ញាធររដ្ឋណេវ៉ាដា បានព្រមានជាច្រើនដងរួចមកហើយថា បើមានការសម្រុកចូលកន្លែងហាមឃាត់បែបនេះ ជនបង្កនឹងត្រូវចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់ ពីព្រោះបន្ទាយ Area 51 គឺជាកន្លែងហ្វឹកហ្វឺនយន្តហោះចម្បាំង និងយោធាអាមេរិកប៉ុណ្ណោះ ដែលត្រូវរក្សាសន្តិសុខ និងកិច្ចការសម្ងាត់ មិនខុសពីបន្ទាយយោធាផ្សេងៗទៀតនោះឡើយ៕