(សេអ៊ូល)៖ មន្ត្រីការទូតមានឋានៈអគ្គនាយកមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានចូលរួមក្នុងកិច្ចប្រជុំ មួយនៅទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងការបង្ខំឱ្យអតីតពលករកូរ៉េខាងត្បូងធ្វើការងារដោយគ្មានប្រាក់ខែ នៅក្នុងឧស្សាហកម្មជប៉ុន កំឡុងសម័យសង្រ្គាមលោកលើកទី២ និងជម្លោះពាណិជ្ជកម្មបច្ចុប្បន្នរវាង ភាគីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

លោក Kim Jung-han ជាអគ្គនាយកសម្រាប់កិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ី នៃក្រសួងការបរទេសកូរ៉េខាងត្បូង បានជួបពិភាក្សាការងារជាមួយសមភាគីជប៉ុន លោក Shigeki Takizaki ក្នុងទីក្រុងតូក្យូ ដោយបានផ្លាស់ប្ដូរ យោបល់គ្នាទៅវិញទៅមកពីបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងការបង្ខំឱ្យអតីតពលករកូរ៉េខាងត្បូងធ្វើការងារ ដោយគ្មានប្រាក់ខែ នៅក្នុងឧស្សាហកម្មជប៉ុន កំឡុងសម័យសង្រ្គាមលោកលើកទី២។

ប៉ុន្តែខាងភាគីជប៉ុន ធ្លាប់បានអះអាងជាច្រើនលើករួចហើយថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់តាមរយៈ សន្ធិសញ្ញាឆ្នាំ១៩៦៥ មកម្ល៉េះដែលសំដៅផ្សាភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ ខណៈទីក្រុងសេអ៊ូល ចាត់ទុកថាដំណោះស្រាយនេះ មិនមានពាក់ព័ន្ធនឹងជនរងគ្រោះម្នាក់ៗ ដែលត្រូវទទួលសំណងពីជប៉ុននោះទេ។

ដោយឡែក ជុំវិញជម្លោះពាណិជ្ជកម្មវិញ លោក Kim បានជំរុញឱ្យជប៉ុនលុបចោលការរឹតត្បិតការនាំចេញវត្ថុធាតុ ដើមសំខាន់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ដើម្បីបើកផ្លូវឆ្ពោះទៅរកការបញ្ចប់ជម្លោះពាណិជ្ជកម្ម បច្ចុប្បន្នតាមរយៈកិច្ចសន្ទនា។

គួរជម្រាបថា ជប៉ុន បានដាក់ការរឹតត្បិតលើការនាំចេញឱ្យកូរ៉េខាងត្បូង កាលពីខែកក្កដាកន្លងទៅ ក្រោយតុលាការ កូរ៉េខាងត្បូងបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនធំៗមួយចំនួន សងសំណងជំងឺចិត្តឱ្យអតីតពលករកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវ បានបង្ខំឱ្យអតីតពលករកូរ៉េខាងត្បូងធ្វើការងារ ដោយគ្មានប្រាក់ខែ នៅក្នុងឧស្សាហកម្មជប៉ុន កំឡុងសម័យសង្រ្គាម លោកលើកទី២។

លើសពីនេះទៅទៀត ទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែមានស្មុគស្មាញ ក្រោយទីក្រុងតូក្យូ បានដកទីក្រុងសេអ៊ូល ចេញពីបញ្ជីសនៃភាពជាដៃគូពាណិជ្ជកម្មពិសេស ហើយជាការសងសឹកទីក្រុងសេអ៊ូល ក៏បានសម្រេចចិត្ត ដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួនដូចគ្នានេះផងដែរ។ តែទោះជាយ៉ាងនេះក្ដី នៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ លោក Kim និងលោក Takizaki បានឯកភាពគ្នាបន្តកិច្ចសន្ទនា និងចែករំលែកការយល់ឃើញពីសារៈសំខាន់នៃ ទំនាក់ទំនងការទូតរវាងភាគីទាំង២ឱ្យគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហា៕

Advertising