(ប៉េកាំង)៖ ខណៈស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Mate 30 ពុំមានភ្ជាប់មកជាមួយនូវកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន Google ឡើយនោះ ក្រុមហ៊ុនចិន Huawei បានជំរុញឲ្យក្រុមអ្នកអភិវឌ្ឍន៍ App នៅជុំវិញពិភពលោក ចូលរួមជួយជ្រោមជ្រែង និងផលិតកម្មវិធីថ្មីៗរបស់ Huawei ផ្ទាល់វិញ ដោយក្រុមហ៊ុនមានកញ្ចប់លុយខ្ទង់ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តក្រុមអ្នកអភិវឌ្ឍន៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងកម្មវិធីបង្ហាញខ្លួនក្រុមស្មាតហ្វូន Mate 30 នាយកប្រតិបត្តិរបស់ Huawei បានបញ្ជាក់ថា ពាក្យចចាមអារ៉ាមនាពេលកន្លងមកនេះគឺជាការពិត ដោយកញ្ចប់សេវាកម្មកម្មវិធីរបស់ក្រុមហ៊ុនអាមេរិក Google ដែលហៅថា Google Mobile Service (GMS) ដែលធ្លាប់តែមានលើស្មាតហ្វូនមុនៗរបស់ Huawei នឹងមិនមានវត្តមាននៅលើក្រុមស្មាតហ្វូន Mate 30 ឡើយ ដោយសារតែបម្រាមរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញលោក រីឆាដ យូ (Richard Yu) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានរំលេចអំពីកញ្ចប់សេវាកម្មកម្មវិធីរបស់ Huawei ផ្ទាល់វិញហៅថា Huawei Mobile Services (HMS) ហើយលោកបានត្រៀមកញ្ចប់ថវិកាដល់ទៅ ១ពាន់លានដុល្លាររួចជាស្រេច ដើម្បីជួយដល់ កិច្ចប្រឹងប្រែងពង្រីកចំនួន App ដែលមាននៅក្នុងកញ្ចប់សេវាកម្ម HMS នេះ។

គួរជម្រាបថា យោងតាមលោក Yu កម្មវិធីសម្រាប់ឲ្យទាញយក App នៃសេវា HMS របស់ក្រុមហ៊ុន Huawei នាពេលបច្ចុប្បន្ននេះកំពុងទាក់ទាញចំនួនអ្នកប្រើប្រាស់ នៅទូទាំងពិភពលោក ក្នុងមួយខែៗខ្ទង់ ៥៧០លាននាក់ រួមជាមួយតួលេខ ១៨០ពាន់លាននៃការដោនឡូដក្នុងមួយឆ្នាំៗ នៅតាមប្រទេសនិងតំបន់ជាង ១៧០។

សព្វថ្ងៃកម្មវិធី AppGallery របស់ Huawei ដែលដូចទៅនឹងកម្មវិធី Play Store របស់ Google Service មាន App ចំរុះចំនួន ៤៥,០០០ ប៉ុន្តែលោក Yu មិនបានបញ្ជាក់លម្អិតថា កញ្ចប់សេវាកម្ម HMS នឹងមានកម្មវិធីដែលអាចប្រើជំនួស Maps, Gmail និង App សំខាន់ៗដទៃទៀតរបស់ Google ដែរឬក៏អត់ឡើយ។ រីឯប្រព័ន្ធប្រតិបត្តិការ Android ដែលដើរលើស្មាតហ្វូន Mate 30 គឺជាប្រភេទបើកចំហ Open Source ពោលគឺ Huawei មិនទាន់អាចបំពាក់ Version ចុងក្រោយរបស់ Android នៅលើពួកវានៅឡើយទេ ដោយត្រូវរង់ចាំកិច្ចចរចាពាណិជ្ជជាថ្មី រវាងអាមេរិក និងចិននៅខែតុលាខាងមុខ ដែលទំនងជាអាចរកច្រកចេញបាន៕