(វ៉ាស៊ីនតោន)៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង០៥នាក់ទៀតរងរបួស ក្នុងករណីបាញ់ប្រហារលើដងផ្លូវមួយកន្លែង នៃរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Straits Times នារសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ូលិសអាមេរិកបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់របស់អាមេរិក) ដែលនៅមិនឆ្ងាយប៉ុន្មានពីសេតវិមានរបស់លោក ដូណាល់ ត្រាំ ឡើយ។ ខណៈមនុស្សម្នាក់បានស្លាប់ មនុស្ស០៥នាក់ដែលមានទាំងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ការបាញ់ប្រហារនេះស្ថិតនៅតំបន់គេហៅថា ខូឡុំបៀហេច (Columbia Heights) ចម្ងាយប្រហែល ០៣គីឡូម៉ែត្រពីសេតវិមាន។

គួរជម្រាបថា ក្នុងចំណោមជនរងគ្រោះទាំង០៦នាក់ រួមមានប្រុស០៥នាក់ និងស្រីម្នាក់ ដោយអ្នកដែលបាត់បង់ជីវិតគឺជាមនុស្សប្រុស។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នោះទេថា ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនដែរ ឬយ៉ាងណា ស្របពេលដែលការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ៕