(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្អប់ខ្ពើមជនជាតិអាមេរិកឡាទីនទាំងអស់ ជាពិសេសគឺប្រជាជនវេណេស៊ុយអេឡាតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងលិខិតមួយផ្ញើជូនអតីតប្រធានាធិបតីអេក្វាឌ័រ លោក រ៉ាហ្វាអ៊ែល ខូរៀ (Raphael Correa) ដោយក្នុងនោះលោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយប្រាប់អ្នកដោយបើកចំហថា លោក ដូណាល់ ត្រាំ ពិតជាស្អប់ខ្ពើមប្រជាជនអាមេរិកឡាទីនខ្លាំងណាស់... គាត់ (ត្រាំ) ស្អប់ជនអន្តោប្រវេសន៍ ហើយជាពិសេសនោះគឺប្រជាជនវេណេស៊ុយអេឡា។ ពោល បើនិយាយឱ្យចំទៅ ខ្ញុំប្រៀបធៀបវាដូចជាទៅនឹងអ្វីដែល ហ៊ីលធ្លែរ (អតីតមេដឹកនាំអាល្លឺម៉ង់) ដែលធ្លាប់ធ្វើដាក់ជនជាតិជ្វីបកំឡុងសម័យសង្រ្គាមលោកលើកទី ២»

គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ម៉ាឌូរ៉ូ ចោទប្រកាន់លោក ដូណាល់ ត្រាំ បែបនេះ ខណៈសហរដ្ឋអាមេរិកគាំទ្រយ៉ាងពេញទំហឹងដល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលកំពុងស្វះស្វែងប្ដូររបបដឹកនាំទីក្រុងការ៉ាកាស់។ ទោះបីជាបែបនេះក្តី ស្ថានការណ៍គំរាមកំហែងលើរបបដឹកនាំលោក ម៉ាឌូរ៉ូ ហាក់បានធូរស្រាលបន្តិច ក្រោយពីមានកិច្ចពិភាក្សាកន្លងមកជាមួយបក្សប្រឆាំងនានា ហើយលោក ដូណាល់ ត្រាំ ក៏ទើបតែដកទីប្រឹក្សាសន្តិសុខជាតិមុនគឺលោក ចន បូលតុន ដែលកន្លងតែងតែចង់បំផុសឲ្យមានអន្តរាគមន៍យោធា លើវេណេស៊ុយអេឡានោះចេញពីតំណែងផងដែរ៕