(ម៉ូស្គូ)៖ ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសអាមេរិក ផាទ្រីយ៉ូត (Patriot) រហូតដល់ទៅជាង ៨០គ្រឿង ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារ លើរោងចក្រប្រេងអារាំកូ (Aramco) ដោយបណ្ដោយឱ្យយន្ដហោះដ្រូន បាញ់មីស៊ីលរំលងក្បាលបានយ៉ាងងាយ ដោយសារតែប្រព័ន្ធមីស៊ីលនេះគ្មានសមត្ថភាព និងប្រសិទ្ធភាព។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រីជាន់ខ្ពស់រុស្ស៊ីខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានធ្វើការអះអាងបែបនេះ ក្រោយទីបញ្ជាការយោធាអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា ប្រកាសពីគម្រោងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស បន្ថែមទៀតឱ្យអារ៉ាប៊ីសាអូឌីត។ បន្ថែមពីលើនេះបើតាមមន្ត្រីដដែល បរាជ័យធ្វើការទប់ទល់ជាមួយយន្ដហោះដ្រូន ឬមីស៊ីលតូចតាច ហើយនេះក៏សបញ្ជាក់ឲ្យឃើញផងដែរថា វាមិនអាចឆ្លើយតបទាន់ពេលវេលាទៅនឹងការវាយប្រហារ។

គួរជម្រាបថា កាលពីសប្ដាហ៍មុនរោងចក្រប្រេងពីរកន្លែងរបស់ក្រុមហ៊ុនប្រេង អារ៉ាប៊ីសាអូឌីត Aramco បានរងការវាយប្រហារដោយយន្ដហោះដ្រូន និងគ្រាប់មីស៊ីល ហើយក្រោយឧប្បដិហេតុនេះដែរ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានចោទថា អ៊ីរ៉ង់គឺជាអ្នកជាប្រព្រឹត្ត បើទោះជាក្រុមឧទ្ទាមហ៊ូទី (គាំទ្រដោយអ៊ីរ៉ង់) ចេញមុខទទួលខុសត្រូវក៏ដោយ។ ម្យ៉ាងវិញទៀត ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន ក៏បានព្រលយពាក្យសម្តីផងដែរថា រុស្ស៊ីត្រៀមខ្លួនជានិច្ចក្នុងការលក់ប្រព័ន្ធមីស៊ីល S-300 និង S-400 ឱ្យអារ៉ាប៊ីសាអូឌីតយកទៅការពារខ្លួន ខណៈមីស៊ីលទាំងនេះកំពុងការពារអ៊ីរ៉ង់ និងតួកគីប្រកបដោយប្រសិទ្ធភាព៕