(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានព្រមានថារាល់ការវាយប្រហារ ណាមួយរបស់សហរដ្ឋអាមេរិក ឬអារ៉ាប៊ីសាអូឌីត ប្រឆាំងទីក្រុងតេហេរ៉ង់ នឹងបង្កឱ្យសង្រ្គាមគ្រប់រូបភាព ទាំងអស់ផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់លោក Zarif ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅថ្ងៃព្រហស្បតិ៍ សបា្ដហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាសហរដ្ឋអាមេរិក កំពុងពិចារណាវាយប្រហារ លើអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត កាលពីសប្ដាហ៍មុន។

លោក Zarif បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍នោះ ដូច្នេះថា៖ «ខ្ញុំបានលើកឡើងជាច្រើនដងថា អ៊ីរ៉ង់ មិនចង់ឱ្យសង្រ្គាមផ្ទុះឡើងឡើយ ហើយយើងក៏មិនចង់ចូលប្រឡូកក្នុងសង្រ្គាមណាមួយដែរ...ប៉ុន្តែនេះ មិនមែនមានន័យថា យើងញញើតក្នុងការការពារទឹកដីរបស់យើងនោះទេ...ពោលបើសហរដ្ឋអាមេរិក ឬអារ៉ាប៊ីសាអូឌីត ហ៊ានបើកការវាយប្រហារលើអ៊ីរ៉ង់ នោះពួកគេនឹងបានឃើញសង្រ្គាមគ្រប់រូបភាព ឬគ្រប់ ទម្រង់ទាំងអស់ផ្ទុះឡើង»

គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអ៊ូឌីត និងសម្ព័ន្ធនៃតំបន់ឈូងសមុទ្រ ដើម្បីចាត់វិធានការសងសឹក ទៅនឹងការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោនចោទថាជាស្នាដៃរបស់អ៊ីរ៉ង់ និងជាទង្វើបង្កសង្រ្គាម។ ប៉ុន្តែ អ៊ីរ៉ង់ បានបដិសេធរាល់ការចោទប្រកាន់៕