(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងបានចេញមុខសាជាថ្មីម្តងទៀត ទទូចឲ្យសហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់ ប្រទេសចិន ហើយបញ្ឈប់ជាបន្ទាន់នូវការលូកដៃចូលក្នុងបញ្ហាហុងកុង ទោះបីស្ថិតក្នុងទម្រង់បែបណាក៏ដោយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានទទូចបែបនេះ ក្រោយមានព័ត៌មានថាប្រធានសភាតំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi បានធ្វើសន្និសីទសារព័ត៌មានមួយ ជាមួយក្រុមសមាជិកសភាអាមេរិក ព្រមទាំងលោក Joshua Wong ដែលជាមេដឹកនាំចលនាបាតុកម្មនៅហុងកុង ក៏ដូចជាក្រុមសកម្មជនហុងកុងមួយចំនួនទៀត ដើម្បីសម្តែងការគាំទ្រចំពោះ សេចក្តីព្រាងច្បាប់មួយរបស់អាមេរិក ដែលសំដៅលូកដៃជ្រៀតជ្រែកចូលក្នុងបញ្ហាទីក្រុងហុងកុងរបស់ចិន។

បើតាមលោក Geng ទីក្រុងប៉េកាំងពុំពេញចិត្តទាល់តែសោះ និងជំទាស់ពេញទឹហឹងចំពោះចេតនានេះ ហើយលោកបាននិយាយថា លោកស្រី Pelosi និងអ្នកនយោបាយអាមេរិក កំពុងភ័ន្តច្រឡំរវាងត្រូវនិងខុស និងបានចូលដៃចូលជើងជាមួយក្រុមអ្នកចង់បំបែក បំបែកជាតិចិន ហើយជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុងរបស់ចិនដោយឥតអៀនខ្មាស់។

លោក Geng បានគូសបញ្ជាក់ជាដដែលថា ហុងកុងគឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដូច្នេះហើយទីក្រុងប៉េកាំងមិន អនុញ្ញាតឲ្យ កម្លាំងណាមួយពីខាងក្រៅមកលូកដៃជាដាច់ខាត។ ហេតុនេះ ចិនទទូចឲ្យភាគីអាមេរិក គោរពតាមច្បាប់អន្តរជាតិ និងគោរពដែន អធិបតេយ្យភាពរបស់ចិន ហើយបញ្ឈប់ការព្យាយាមជ្រៀតជ្រែកបញ្ហានៅទីក្រុងហុងកុង ឬក៏គាំទ្រចលនាបាតុកម្មហិង្សាដែលបន្ត អូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយនេះ ទៀតទៅ។

គួរជម្រាបថា លោក Joshua Wong ដែលជាមេដឹកនាំចលនាបាតុកម្មនៅហុងកុង និងសកម្មជនហុងកុងមួយចំនួនទៀត កំពុងបន្តចំណាយពេលនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្រសម្រាប់បុព្វហេតុតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ នៅឯទីក្រុងហុងកុង៕